កម្ពុជា-សិង្ហបុរី ​កំពុងបង្កើនជើងហោះហើរត្រង់ ដើម្បីត្រៀមដឹកជញ្ជូនអ្នកដំណើរមកកាន់ស៊ីហ្គេម២០២៣

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងសិង្ហបុរី បានជំរុញបង្កើនជើងហោះហើរត្រង់ជាមួយសិង្ហបុរីបន្ថែម ដើម្បីទាក់ទាញលំហូរទេសចរអន្តរជាតិនៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយលោក ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ក្នុងជំនួបនោះ ភាគីទាំងពីរយល់ថា ការបង្កើនជើងហោះហើរត្រង់បន្ថែម គឺដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ​ ម្យ៉ាងនៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

ភាគីទាំងពីរ ក៏បានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរីរបស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

នាឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងថា «នៅពេលស៉ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើនណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ ព្រោះសិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ កម្ពុជានិងសិង្ហបុរី ក៏បានបង្ហាញក្តីសង្ឃឹមថា នឹងមានការបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួននិងទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៉ីហ្គេមមកដល់៕