ស្ថានទូតលុចសំបួ បានចាត់ទុកវិស័យទេសចរណ៍កម្ពុជាជាវិស័យអាទិភាពមួយសម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (Cambodia-Luxembourg Indicative Cooperation Programme) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យបានដល់កម្រិតស្តង់ដារ និងកិត្តិនាមដែលប្រទេសលុចសំបួត្រូវបានទទួលស្គាល់ថាលើពិភពលោកជាប្រទេសនាំមុខមួយលើផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

នេះបើតាមជំនួប រវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកThomas Lammar ភារធារីនៃស្ថានទូតលុចសំបួប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលតែងតែគាំទ្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការចាប់អារម្មណ៍ និងការគាំទ្រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ (Vocational School of Tourism – VST) របស់ក្រសួងទេសចរណ៍ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ចំនួនពីរលើកកន្លងមក។

លោកក៏បានលើកពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» និងកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ អ្នកបង្កើតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។

ជាកិច្ចឆ្លើយតប លោកភារធារី បានគូសបញ្ជាក់ពីការចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយសម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (Cambodia-Luxembourg Indicative Cooperation Programme) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យបានដល់កម្រិតស្តង់ដារ និងកិត្តិនាមដែលប្រទេសលុចសំបួត្រូវបានទទួលស្គាល់ថាលើពិភពលោកជាប្រទេសនាំមុខមួយលើផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សូមបញ្ជាក់ជូនថាគិតមកដល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា និងប្រទេសលុចសំបួ មានរយៈពេលជាច្រើនទសវត្សមកហើយ ហើយត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងគ្របដណ្តប់លើវិស័យជាច្រើន ជាពិសេសតាមរយៈព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរដោយឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ កាលពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កន្លងមក។ សម្រាប់ឆ្នាំ២០២៦ នេះ ទំព័រសហប្រតិបត្តិការថ្មីមួយទៀត ត្រូវបានបង្កើតឡើងគឺក្នុងវិស័យទេសចរណ៍៕


