កូនប្រសារលោក ញឹម វណ្ណដា មានបទពិសោធសិក្សា និងការងារមិនធម្មតា រហូតសម្តេចតេជោតេទូរសព្ទប្រាប់ឱ្យឡើងដំណែងមន្រ្តីទូត

សង្គម​និង​សេដ្ឋកិច្ច

លោក ​ឡុង ឌីម៉ង់ ​គឺ​ជា​កូន​ច្បង​នៃ​កូន​ពីរ​នាក់​របស់​លោក​ ឡុង វិសាលោ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃ ​អតីតរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ​និង​ជា​កូន​ប្រសារ​របស់​លោក​ ញឹម វណ្ណដា អតីតអនុ​ប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ឡុង វិសាលោ និងលោក ញឹម វណ្ណដា

លោក ​ឡុង ឌីម៉ង់ ​បាន​ចាប់​កំណើត​នៅ​ទីក្រុង​ភ្ភ្នំពេញ ប៉ុន្តែលោក​បាន​ចាប់ផ្តើម​ចូលរៀនបឋមសិក្សា​រយៈពេល​ពីរ​ឆ្នាំ​នៅ​ទី​ក្រុង​ឡាហាវ៉ាន​ (Havana) ប្រទេស​គុយបា ​ពេល​ឪពុក​របស់​លោក​គឺ​លោក​ ឡុង វិសាលោ​ ធ្វើ​ជា​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​កុម្មុយនិស្ត​នេះ ​រយៈពេល​៥​ឆ្នាំ​ ពី​ឆ្នាំ​១៩៨២​ដល់​ឆ្នាំ​១៩៨៧ នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ជំនាន់​កុម្មុយនិស្ត។​

យ៉ាងណា ក្រោយឪពុករបស់លោកផុតអណត្តិ លោក​ ឡុង ឌីម៉ង់ បាន​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា​រហូត​ចប់​ថ្នាក់​វិទ្យាល័យ​ មុន​ពេល​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ​១៩៩៧​ រយៈពេល​៧ឆ្នាំ។ លោក ​ឡុង ឌីម៉ង់ ទទួល​បាន​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​ Paris Dauphine University ​ហើយ​លោក​បាន​បន្ត​ការ​សិក្សា​យក​អនុបណ្ឌិត្យ​នៅ​សាលា​ Ecole des Hautes ‘Etudes Internationale។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០៤​ លោក ​ឡុង ឌីម៉ង់ ​បាន​ចាប់​ផ្តើម​ការងារ​ជា​ជំនួយការ​របស់​លោក កែប ជុតិមា​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​២០០៥ មុន​ពេល​លោក​ក្លាយ​ជា​អ្នក​នាំ​ពាក្យ ​និង​ជា​អនុប្រធាន​ផ្នែក​រដ្ឋបាល​នៅ​សាលាក្រុង​ភ្នំពេញ។ តួនាទី និង​តំណែង​របស់​លោក​បាន​ឡើង​ជា​បន្តបន្ទាប់​ នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច​ កំពុង​ធ្វើ​កំណែទម្រង់​ ដោយ​ការ​បញ្ចូល​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​នេះ​ ចូល​កាន់​តំណែង​សំខាន់ៗ​ជា​បណ្តើរៗ​ ជំនួស​កម្មាភិបាល​ចាស់​សល់​ពី​សម័យ​កុម្មុយនិស្ត។​

ក្នុងដំណែង​ជា​អ្នក​នាំ​ពាក្យ និង​ជា​អនុប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ នៅឆ្នាំ២០១៦ លោក ឡុង ឌីម៉ង់ ​ត្រូវបានសម្តេចតេជោនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ទូរស័ព្ទ​មក​ប្រាប់​អំពី​ការ​តែងតាំង​លោក​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​នេះបើតាមលោក ឡុង ឌីម៉ង់ ថ្លែង​ប្រាប់​ VOA ក្នុង​បទ​សម្ភាសន៍​កាលពីពេលកន្លងទៅ។

នៅខែ​កញ្ញា ឆ្នាំ២០២១ លោកត្រូវបាន​ផ្លាស់ប្តូរចេញ​ពីឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ជំនួសដោយ​លោកស្រី ច្រឹង បទុម​រង្សី ហើយ​បានចូលបំ​ពេញការងារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១​។​

ក្នុងវ័យ ៤១ឆ្នាំ លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំង​ជាអភិបាលរងខេត្តព្រះសីហនុ​​ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត ជូនលោក ឡុង ឌីម៉ង់ បានប្រកាសបេជ្ញាចិត្តបន្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ហើយនិងពង្រឹងជួយកៀងគរវិនិយោគិនបរទេស មកបណ្តាក់ទុនលើគ្រប់វិស័យ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើប បរិស្ថានល្អ បរិយាកាសរស់នៅប្រកបដោយផាសុខភាព និងជីវចម្រុះ។

ពិសេសទៀតនោះ លោក ឡុង ឌីម៉ង់ ក៏បានប្តេជ្ញាជួយសម្របសម្រួល និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាអង្គទូត អង្គការ-សមាគមអន្តរជាតិនានា បណ្តាទីក្រុងសម្ព័ន្ធមេត្រីភាព-ទីក្រុងមិត្តភាពរបស់កម្ពុជា ដើម្បីកៀងគរជំនួយសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែករឹង និងផ្នែកទន់ សំដៅបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីរាជការ ឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕