សម្តេច ស ខេង៖ មិនត្រូវសន្មត់ថាបញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចបន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។

បើតាមសម្ដេចក្រឡាហោម បន្ទាប់ពីបង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនរយៈពេលប្រមាណ២ឆ្នាំមក សម្ដេចសង្កេតឃើញថាមានមហាជនកាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ជាច្រើនមកកាន់ផេកហ្វេសប៊ុកសម្ដេច និងថាព្រោះហេតុដូច្នេះហើយទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។

ក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនផេកសម្តេចក្រឡាហោម ស ខេង ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ហើយបានទទួលសំណើ និងសំណូមពរមានចំនួន២.០៥៦ គណនី។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រុមការងារ ក្នុងនោះសម្ដេចក៏បានសង្កត់ធ្ងន់ថាមន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថាបញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ។

ទន្ទឹមនឹងនេះ សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព៕