ក្រសួងការបរទេសកម្ពុជា-កូរ៉េ កំពុងពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការបរទេសកម្ពុជា-កូរ៉េ បាននឹងកំពុងពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងឡើង ដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត ខណៈភាគីទាំងពីរក៏បាន ផ្តោតកិច្ចពិភាក្សារួមគ្នា ដើម្បីពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើន និងធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនប្រចាំឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលរបស់យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ដូចជា៖« ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងផលិតកម្ម ព្រមទាំងសកម្មភាពផ្ដល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យា ទំនើបរបស់កូរ៉េជាដើម»។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងបញ្ហានៅឧបទ្វីបកូរ៉េ ផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ឆ្លងពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ គម្រោងសាងសង់ស្ពានមិត្តភាពនេះ នឹងចំណាយទឹកប្រាក់ប្រមាណជាង២៤៥លានដុល្លារអាម៉េរិក និងត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាលរកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វា; ជ្រោយចង្វា-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ខាងមុខនេះហើយ៕ ​អត្ថបទ៖ ពិសី