ស្ងាត់ៗ CEO ធនាគារកាណាឌីយ៉ា ឡើងកាន់ដំណែងប្រធានសមាគមធនាគារនៅកម្ពុជា ជំនួស CEO អេស៊ីលីដា

សង្គម​និង​សេដ្ឋកិច្ច

លោក Raymond Sia Say Guan ជាប្រធាននាយកប្រតិបត្តិ និងជានាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថាបនិកក្រុមហ៊ុន OCIC និងជាម្ចាស់គម្រោងព្រលានយន្តអន្តរជាតិតេជោតាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Raymond Sia Say Guan ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមធនាគារនៅកម្ពុជា ជំនួស CEO ធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិឆ្នាំ ២០២២-២០២៣ នៅសណ្ឋាគារ ហ៊ីត រីជីនស៊ី ក្នុងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២។

ក្រៅពី CEO ធនាគារកាណាឌីយ៉ា ត្រូវបានជ្រើសរើសជាប្រធានសមាគម ក្នុងនោះ នាយកប្រតិបត្តិធនាគារ មេយប៊ែង លោក Dato’ Mohd Hanif Suadi ត្រូវបានជ្រើសតាំងជាអនុប្រធាន និងលោក Mr. Han Peng Kwang នាយកប្រតិបត្តិធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានជ្រើសរើសជាហិរញ្ញិក។

សមាគមធនាគារនៅកម្ពុជា មានសមាជិកចំនួន ៧៥ ក្នុងនោះមានធនាគារពាណិជ្ជចំនួន ៥៧ ធនាគារឯកទេសចំនួន ៩ ខណៈសមាជិកចំនួន ៦រូបតំណាងឱ្យសាខា ឬការិយាល័យតំណាងអន្តរជាតិរបស់ធនាគារ តំណាងម្នាក់មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំនួនមួយ និងសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជាចំនួនមួយ។

 CEO ធនាគារ កាណាឌីយ៉ា ជាអ្នកនៅពីក្រោយ ហើយបាននាំមកនូវភាពជោគជ័យ និងកិត្តិនាមល្បាញល្បីជាង ៣ទស្សវត្សន៍មកឲ្យធនាគារ កាណាឌីយ៉ា ក្រោមបុត្តសម្ព័ន្ធសហគ្រាស កាណាឌីយ៉ា។

លោក Raymond Sia Say Guan ជាប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា (Chief Executive Officer and Executive Board Director of Canadia Bank.)។ មុនពេលចូលបម្រើការងារនៅធនាគារកាណាឌីយ៉ា លោក Raymond បានបម្រើការងារក្នុងតួនាទីគ្រប់គ្រងនិងដឹកនាំជាន់ខ្ពស់ជាច្រើនជាមួយធនាគារអន្តរជាតិនិងក្នុងតំបន់នៅប្រទេសម៉ាឡេស៊ី និងវៀតណាមដូចជា ធនាគារសាធារណៈ, ធនាគារ Standard Chartered Bank (ម៉ាឡេស៊ីនិងវៀតណាម) និងធនាគារ Hong Leong ដែលលោកកាន់តំណែងជានាយកប្រតិបត្តិ / អគ្គនាយក។ 

លោក Raymond មុខកាន់តួនាទីធំៗក្នុងវិស័យឧស្សាហកម្មធនាគាររបស់មហាសេដ្ឋីល្បីៗដូចនាពេលបច្ចុប្បន្ន លោក Raymond ធ្លាប់បានចូលធ្វើការតំបូងជាអ្នកហាត់ការ ក្រោយពីបញ្ចប់ការសិក្សា។ បន្ទាប់មកលោកក៏បានចូលរំរើការងារក្នុងធនាគារសាធារណៈនៅប្រទេសម៉ាឡេស៊ី ដែលគាត់បានចំណាយពេល ១១ ឆ្នាំក្នុងតួនាទីផ្សេងៗ ដូចជា ប្រធានផ្នែកភាគហ៊ុន និងមូលធនទីផ្សារ នឹងប្រធានដំណើរការឥណទាន។ 

នៅធនាគារ Standard Chartered លោក Raymond មានតួនាទីដឹកនាំផ្សេងៗពីនាយកសាជីវកម្មក្នុងស្រុករហូតដល់ប្រធានក្រុមហ៊ុនសាជីវកម្មសកលដោយមានមុខតំណែងចុងក្រោយជាប្រធានធនាគារខ្នាតតូចនិងមធ្យម និងជានាយកប្រតិបត្តិនៃសាខាហាណូយ, ធនាគារ Standard Chartered Bank ។

លោក Raymond Sia មានបទពិសោធន៍ជោគជាំប្រមាណជាង ២៥ ឆ្នាំ ជាមួយសេវាកម្មរតនាគារនិងហិរញ្ញវត្ថុ។ តាមរយៈតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើននៅក្នុងប្រទេសកម្ពុជា, ម៉ាឡេស៊ី, និងវៀតណាម រហូតប្រែក្លាយលោកមកាន់កាប់ដំណែងជា CEO ធនាគារ កាណាឌីយ៉ា របស់មហាសេដ្ឋីលំដាប់កំពូល ពុង ឃាវសែ។

ក្រោមការដឹកនាំរបស់លោក Raymond ធនាគារលំដាប់កំពូលមួយនេះទទួលបានពានរង្វាន់ជាបន្តបន្ទាប់។ កាលពីដើមខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលតាមអគ្គនាយកពន្ធដារ បានប្រកាសកោតសរសើរនូវការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី ៩ ក្នុងឆ្នាំ២០២០។

ធនាគារ កាណាឌីយ៉ា ក.អ ក៏បានទទួល វិញ្ញាបនបត្រនៃការអនុលោមភាពសារពើពន្ធ ប្រភេទ ‍“មាស” ពីអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ដែលមានសុពលភាព ២ឆ្នាំចាប់ពី ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។

យោងតាមគេហទំព័រធនាគារកាណាឌីយ៉ាផ្ទាល់ បានបង្ហារបាយការណ៍អំពីទ្រព្យសម្បត្តិសរុបប្រមាណ $6.5B ប្រាក់ចំណូលសរុប $388M និងប្រាក់ចំណេញសុទ្ធ $122M ខណៈឆ្នាំ២០១៩ គឺជាកំណត់ត្រាចំណេញបំផុតជាមួយនឹងប្រាក់ចំណូលសុទ្ធលើសពី$១២២លាន។ កាណាឌីយ៉ា មានបុគ្គលិកប្រមាណ ៣ពាន់នាក់ មានសាខាងលើសពី ៦០ សាខា ជាមួយទូអេធីអិម ATM លើសពី ១៦០ទូ ដែលកំពុងប្រតិបត្តិការ៕