សេចក្តីថ្លែងការណ៍៖ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា បានសម្តែងនូវការព្រួយបារម្ភ និងកំពុងយកចិត្តដាក់តាមដានសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងចិន និងសហរដ្ឋអាមេរិក ក្នុងសេចក្តីថ្លែងការណ៍កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍របស់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រធានសភាពសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បាន​ធ្វើដំណើរ​មក​ដល់​ដីកោះ​តៃវ៉ាន់​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង ១០ និង ៤៥ នាទីយប់ (ម៉ោង ៩ និង ៤៥ នាទី​នៅកម្ពុជា) តាម​រយៈ​យន្តហោះ​ចំបាំង​របស់​អាមេរិក​ដែល​មាន​លេខ SPAR19។

ដំណើរទស្សនៈកិច្ចលើកដំបូងរបស់លោកស្រី បាន​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ​ជា​ខ្លាំង ដ្បិត​កន្លង​មក​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​យ៉ាង​ចាស់ដៃ​ថា អាមេរិក​កុំ​លូកដៃ​ក្នុង​ទំនាស់​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​បើ​សិន​ជា​នៅ​តែ​ព្រហើន នោះ​សង្គ្រាម​អាច​ផ្ទុះ​បាន​គ្រប់ពេល។ 

សេចក្តីថ្លែងការមួយទំព័រនៅយប់ថ្ងៃទី៣សីហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់ចិន។

សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឲ្យភាគីពាក់ព័ន្ធស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីរក្សាស្ថានភាពដើម និងចៀសវាងបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕