អាស៊ាន បង្ហាញក្តីបារម្ភ​​ចំពោះភាពផុយស្រួយ​នៃស្ថាន​ការ​ណ៍​​​​តំបន់​​និងអន្តរជាតិ ដែល​អាចនាំ​​ឱ្យ​មាន​ការ​​ប្រឈម​​មុខ​ដាក់គ្នា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អាស៊ាន បានបង្ហាញក្តីព្រួយបារម្ភ ចំពោះ​ភាពផុយស្រួយ​នៃ​ស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេស​ការវិវឌ្ឍថ្មីៗនេះ​នៅ​​​​​តំបន់​​ក្បែរ​អាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយ​​​​អាចនឹងនាំឱ្យមានការ គណនាខុស ការប្រឈមមុខ​ដាក់​​គ្នា​ធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផល​វិបាកដែលមិន​អាច​ព្យាករណ៍ បានក្នុងចំណោមមហាអំណាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាស៊ាន បានអំពាវ​​នាវ​​ឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញ៉ង ហើយប្រកាន់ខ្ជាប់ គោលការណ៍នានា ដែល​​មានចែង​​ក្នុង​​ធម្ម​​នុញ្ញអង្គការ​​សហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ អាស៊ាន​រំលឹកឡើងវិញ​ពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញ​ដោយប្រទេសនីមួយៗ។

ទន្ទឹមគ្នានេះ អាស៊ាន ក៏លើកឡើងដែរថា ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ​និងការទទួល​ខុសត្រូវរបស់​ថ្នាក់​ដឹក​​នាំទាំងអស់ក្នុងការ ប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហ​​ប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួត ប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់​​អាស៊ាន គឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន។

អាស៊ាន ក៏សង្កត់ធ្ងន់ដែរថា ត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការ សម្រប​សម្រួលការសន្ទនា​ដោយ​​សន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែល ដឹកនាំ​ដោយ​អាស៊ាន ដើម្បីបន្ធូរបន្ថយភាពតាន​តឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ៕