ជប៉ុន អះអាងថា ខ្លួននឹងបន្តធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង-សេដ្ឋកិច្ច និងវិស័យការពារជាតិ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន អះអាងថា ខ្លួននឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងសេដ្ឋកិច្ច និងការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ ទី៦សីហានេះ ដោយបង្ហាញនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលកំពុងតែល្អប្រសើរ។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានអះអាងថា លោកនឹងបន្តធ្វើការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ជាពិសេសផ្នែកសេដ្ឋកិច្ច ជំរុញការងារវិនិយោគ និងវិស័យការពារជាតិផងដែរ។

នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ព្រឹកមិញនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ ដើម្បីរួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក។

គួររំលឹកថា ក្នុង​ឆ្នាំ​ ២០២១ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា-ជប៉ុន មាន​ទឹកប្រាក់​សរុប​ជាង ២,៣ ​ពាន់​លាន​ដុល្លារ កើន​ជិត ១១ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម​។ ចំណែក​ការនាំ​ចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​៕