ទឹកប្រាក់ប្រមាណ ១៥លានដុល្លារ មន្ទីរពេទ្យគន្ធបុប្ផាចំណាយលើការពិនិត្យនិងព្យាបាលជំងឺក្នុងឆមាសទី១

សង្គម​និង​សេដ្ឋកិច្ច

ឆមាសទី១ឆ្នាំ២០២២នេះ មន្ទីរពេទ្យគន្ធាបុប្ផា បានចំណាយថវិកាប្រមាណជាង១៥លានដុល្លារអាមេរិក ទៅលើការពិនិត្យ និងព្យាបាល កុមារ និងស្រ្តី ជិត៤០ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ មន្ទីរពេទ្យ បានប្រើប្រាស់ថវិកាសរុបចំនួនប្រមាណ ១៥.៩៧ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលចំណាយថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល) ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។

ក្នុងចំណោមថវិកាដែលចំណាយនេះ ក្នុងនោះថវិកាចំនួន ៦.៩២ លានដុល្លារអាមេរិក ទទួលបានពីប្រភពនៅក្នុងស្រុក រួមមាន៖ការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យចំនួន ៩១៦ ៦៥៧ ដុល្លារអាមេរិក, ការឧបត្ថម្ភរបស់មូលនិធិគន្ធបុប្ផាកម្ពុជាជាង៣ លានដុល្លារ និងការផ្ទេរថវិការបស់រាជរដ្ឋាភិបាលដោយផ្ទាល់ចំនួន ២.៩លានដុល្លារអាមេរិក។

ក្នុងរយៈពេល៦ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលអ្នកជំងឺជិត៤០ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺកុមារបានមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅចំនួន ២៦៦ ៣៤២ នាក់ អ្នកជំងឺកុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៤៧ ២៧០ នាក់, ស្រ្តីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព ៣៨ ៤២៦ នាក់ ,ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ចំនួន៨ ៩១៨ នាក់, ព្យាលបាលជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ៩៤៩ នាក់ , និងវះកាត់សរុបបានចំនួន ១០ ៥៣៧ នាក់៕