ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារអាម៉េរិកបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ដល់កម្ពុជាសម្រាប់ការបោសសម្អាតគ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យការដោះមីន សម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការប្រកាសរបស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេស អូស្រ្តាលីប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីរសៀលថ្ងៃទី ១១ ខែកុម្ភៈ ២០២០។
នៅក្នុងជំនួបនេះដែរ លោក Pablo Chiho Kang បានបង្ហាញពីទំហំពាណិជ្ជកម្មរបស់អូស្រ្តាលីមកកម្ពុជា ដែលគិតមកដល់ពេលនេះ បានកើនឡើងរហូតដល់ទៅជិត៦០០លានដុល្លារអាម៉េរិក ខណៈដែលប៉ុន្មានឆ្នាំមុននេះ មានមិនដល់៤០លានដុល្លារផងនោះ។ ក្រៅពីនេះ លំហូរនៃភ្ញៀវទេសចរអូស្រ្តាលីមកកម្ពុជាគឺបានកើនប្រមាណជាង២២ម៉ឺននាក់ក្នុងឆ្នាំកន្លងទៅផងដែរ។
ចំពោះសិស្ស និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅអូស្រ្តាលី គិតមកដល់ឆ្នាំនេះ មានប្រមាណជាង៣,០០០នាក់ហើយ៕