តើនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ទទួលបានប្រាក់ខែប៉ុន្មាន?

សង្គម​និង​សេដ្ឋកិច្ច

គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិ និងមានសមត្ថកិច្ច​ជា​អ្នក​អនុវត្ត​នយោបាយ​របស់​រដ្ឋ ធានាការអនុវត្តច្បាប់ និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​រដ្ឋ។ សមាជិក​​នៃ​រាជ​រដ្ឋាភិបាល មាន​ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី និង​សមាជិក​រាជរដ្ឋាភិបាល​ ​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ (ប្រាក់ខែ) ក្នុងការ​បំពេញ​ភារកិច្ច​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងអនុក្រឹត្យលេខ ២៧៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ប្រាក់បំណាច់មុខងារ​របស់​សមាជិក​រាជរដ្ឋាភិបាល គឺ​មិន​ទាន់​ទទួល​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ដូច​មាន​​ខាង​ក្រោម៖

១. នាយករដ្ឋមន្ត្រី ៖ ៣.៦៧៥.០០០ រៀល
២. ឧបនាយករដ្ឋមន្ត្រី ៖ ២.៨០០.០០០ រៀល
៣. ទេសរដ្ឋមន្ត្រី ៖ ២.៤៥០.០០០ រៀល
៤. រដ្ឋមន្ត្រី ៖ ២.១០០.០០០ រៀល

លុះដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ​ហ៊ុន ​សែន បាន​មាន​ប្រសាសន៍ នៅ​ពេល​ដឹកនាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​ថា ​​ចាប់ពី​ឆ្នាំ​២០១៧ ទៅ សមាជិក​រាជរដ្ឋាភិបាល នឹង​ទទួល​បាន​ការ​​តំឡើង​​ប្រាក់​បំណាច់​មុខងារ​របស់​ខ្លួន។ ដូច្នេះ​ចាប់ពី​ឆ្នាំ​២០១៧ ​​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​​សមាជិក​រាជរដ្ឋាភិបាល ទទួល​បាន​ប្រាក់​បំណាច់​មុខងារ ដូច​ខាង​ក្រោម៖

១. នាយករដ្ឋមន្ត្រី ៖ ១០.០០០.០០០ រៀល (ប្រហែល ២.៤៥០ ដុល្លារ)
២. ឧបនាយករដ្ឋមន្ត្រី ៖ ៨.០០០.០០០ រៀល
៣. ទេសរដ្ឋមន្ត្រី ៖ ៦.០០០.០០០ រៀល
៤. រដ្ឋមន្ត្រី ៖ ៥.០០០.០០០ រៀល ។

សូមជម្រាបផងដែរថា សម្រាប់ប្រាក់ខែប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី នៅប្រទេសតំបន់អាស៊ាន គឺមានភាពខុសៗគ្នា ក្នុងនោះមានដូចជា នាយករដ្ឋមន្ត្រីថៃ ២.១៤០ ដុល្លារ, នាយករដ្ឋមន្ត្រីវៀតណាម ៨០០ ដុល្លារ, ប្រធានាធិបតីឡាវ ១.៦៣០ ដុល្លារ, ប្រធានាធិបតីឥណ្ឌូនេស៊ី ៤.៣០០ ដុល្លារ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៥.១៥០ ដុល្លារ, នាយករដ្ឋមន្ត្រីទីម័រខាងកើត ២.២៥០ ដុល្លារ, នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ២.៧៣០ ដុល្លារ និងនាយករដ្ឋមន្ត្រីសិង្ហបុរី ១៣៤.១៦៦ ដុល្លារ។ ដោយឡែក ប្រទេសព្រុយណេ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋនោះ ពុំបានបង្ហាញតួលេខប្រាក់ខែ របស់ព្រះមហាក្សត្រ​នោះ​ទេ៕