លោកស្រី ស៊ូជី អាចនឹងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមេដឹកនាំយោធា មីន អ៊ុងឡាំង ពិចារណាសំណើ UN

សង្គម​និង​សេដ្ឋកិច្ច

មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងពិចារណាអនុញ្ញាតឲ្យ លោកស្រី អ៊ុងសាន ស៊ូជី ផ្ទេរពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះវិញ បន្ទាប់ពីសាលក្រមក្នុងសំណុំរឿងមួយចំនួនប្រឆាំងនឹងលោកស្រី ត្រូវបានបញ្ចប់។ នេះបើតាមសារព័ត៌មាន Straits Times ចុះផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រី អ៊ុងសាន ស៊ូជី កាលពីពេលកន្លងទៅ

ក្នុង​សេចក្តី​ថថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាននិយាយថា៖ “ខ្ញុំ​នឹង​ពិចារណា​លើ​បញ្ហា​នេះ​បន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​បញ្ចប់។ យើង​មិន​បាន​ដាក់​ការ​ចោទ​ប្រកាន់​ខ្លាំង​លើ​លោកស្រី​ទេ ផ្ទុយទៅវិញយើងបានបង្ហាញ​ការ​អាណិត​អាសូរ ទោះ​បី​ជា​យើង​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ​ក៏​ដោយ”។

ការដែលលោក អ៊ុងឡាំង ពិចារណាផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារទៅនៅផ្ទះលោកស្រី ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ដែលបានស្នើសុំឲ្យលោកស្រី ស៊ូជី អនុញ្ញាតត្រឡប់ទៅផ្ទះវិញ។

លោកស្រី អ៊ុងសានស៊ូជី និង មីន អ៊ុងឡាំង នាពេលកន្លងទៅ

ចាប់តាំងពីរដ្ឋប្រហារមក លោកស្រី អ៊ុងសាន ស៊ូជី បានរងការចោទប្រកាន់ពីបទល្មើសយ៉ាងតិច ១៨ ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភការបោះឆ្នោត ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំរួចមកហើយ។

ទោះបីជាយ៉ាងណាក្តី លោកស្រី​បាន​ហៅ​ការ​ចោទ​ប្រកាន់ទាំង​នេះ​ថា​មិន​សម​ហេតុផល ហើយ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់លើលោកស្រី។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះជាលើកដំបូងនៅឆ្នាំ១៩៨៩ បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការគ្រប់គ្រងដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍។ នៅឆ្នាំ១៩៩១ លោកស្រីបានឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបានដោះលែងទាំងស្រុងពីការឃុំខ្លួនក្នុងផ្ទះនៅឆ្នាំ២០១០៕