ក្រសួងកសិកម្ម ផ្តល់ជំរើសធំៗ២ចំនុច ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែស

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជា ​កាលថ្ងៃទី២២ ខែសីហា ភាគីក្រសួងកសិកម្ម បានផ្តល់ជំរើសធំៗ២ចំនុច ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ដូច្នេះ លោកជឿជាក់ថា ភាគីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគីបង់ក្លាដែស។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ គឺមានជម្រើសចំនួន២ធំៗ សម្រាប់ភាគីបង់ក្លាដែសពិនិត្យ និងពិចារណាគឺ៖

-ទី១ ប្រើប្រាស់យន្តការដែលមានរួចជាស្រេច គឺសំដៅទៅលើការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាព និង​លទ្ធភាពអាចផ្គត់ផ្គងទីផ្សារតាមតម្រូវចិត្ត និងតម្រូវការនៃភាគីបង់ក្លាដែស។

-ទី២ បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាង ១ពាន់សហគមន៍ទូទាំងប្រទេស ហេតុដូច្នេះអ្នកវិនិយោគបង់ក្លាដែសអាចមកវិនិយោគនៅកម្ពុជា ដោយបង្កើតជាឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីសហគមន៍កសិករសម្រាប់ស្តុកទុក កិន និងនាំអង្កចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជាតាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យារវាងបង់ក្លាដែសជាមួយកសិករកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា បើទោះបីវិស័យកសិកម្មបង់ក្លាដែស ជាពិសេសផលិតកម្មស្រូវមានការកើនឡើងតាមរយៈការបង្កើនរដូវដាំដុះរហូតដល់ទៅ៣ដង គិតពីឆ្នាំ១៩៧១ មកដល់បច្ចុប្បន្នយ៉ាងណាក្តី ក៏ការផ្គត់ផ្គង់ មិនទាន់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនបង់ក្លាដែស ចំនួនជាង ១៦០លាននាក់ ដែលបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១លាន ទៅ ១,៥លានតោនជារៀងរាល់ឆ្នាំ។ ហេតុនេះ ភាគីកម្ពុជារំពឹងថា តាមរយៈជំនួបខាងលើនេះ នឹងអាចផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស៕ អត្ថបទ៖ រង្សី