សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon នៃប្រទេសកូរ៉េ កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីជំរុញសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។ទន្ទឹមគ្នានេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ក៏បានប្តេជ្ញាថា ខំជំរុញធុរជនរបស់ខ្លួន ឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលផងដែរ។

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។ លោកក៏បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែកផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា និងជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនកូរ៉េឱ្យត្រឡប់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងវិញ។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំចំនួន ២លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន។
ជាការឆ្លើយតប លោក Joo Bong Park បានលើកឡើងថា លោកនឹងខិតខំជំរុញឱ្យធុរជនក្នុងទីក្រុង Incheon ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារកម្មដ៏មានសក្តានុពលរបស់សាធារណរដ្ឋកូរ៉េ ឱ្យមកសិក្សាស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។ បន្ថែមលើកិច្ចសហប្រតិបត្តិការជារួម លោកប្រធានក៏បានជម្រាបជូនអំពីបំណងក្នុងការពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។

តាមរយៈដំណើរទស្សនកិច្ចខាងលើ កម្ពុជា-កូរ៉េ ក៏បានចុះហត្ថលេខាលើ លិខិតសម្តែងបំណង (Letter of Intent) ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងស្ថាប័នទាំងពីរ ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគជាក់ស្តែងនៅពេលអនាគត រវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕ អត្ថបទ៖ហ្សាលីន

