សហគមន៍កសិកម្ម ចុះហត្ថលេខាផ្គត់ផ្គង់ស្វាយចន្ទី ១០០តោនឱ្យក្រុមហ៊ុន ២ នាំចេញទៅក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន កាំយ៉ា និង​ក្រុមហ៊ុន ថបផ្លេននីង កាលពីពេលថ្មីៗនេះ បាន​ចុះ​កិច្ចព្រមព្រៀងកសិកម្ម​ទិញ​ស្វាយចន្ទីសរីរាង្គ​សរុបជិត​ ១០០​តោន​ពី​សហគមន៍​កសិកម្ម​ចំនួន ១២ នៅខេត្ត​ព្រះ​វិហារ​ សម្រាប់កែច្នៃនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមមន្ទីកសិកម្ម ​រុក្ខប្រមាញ់ និងនេសាទខេត្តព្រះ​វិហារ ក្នុង​រដូវ​ប្រមូល​ស្វាយចន្ទី​នៅ​​ឆ្នាំ​២០២២ សហគមន៍កសិកម្មបាន​ផ្គត់ផ្គង់​ឱ្យ ក្រមហ៊ុន កាំយ៉ា ក្នុងបរិមាណជាង៦៨តោន​ និង​ក្រុមហ៊ុន​ ថបផ្លេននីង ក្នុងបរិមាណចំនួន ៣០​តោន​ ដើម្បី​កែច្នៃលក់​ចេញ​ទៅ​ក្រៅប្រទេស។

មន្ទីរកសិកម្ម ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តព្រះវិហារ មានផ្ទៃដីដុះស្វាយចន្ទីជាង១ម៉ឺនហិកតា និងអាចផលិតគ្រាប់ស្វាយចន្ទីជាង១ម៉ឺនតោន នាំទៅវៀតណាម ថៃ ចិន និងបណ្ដាប្រទេសមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ខេត្តព្រះវិហារ​ ក៏មានក្រុមហ៊ុនកែច្នៃមានលទ្ធភាពនាំចេញក្រៅប្រទេសចំនួនមួយ និងសិប្បកម្មខ្នាតតូចចំនួន៣។

ទិន្នន័យពីក្រសួង​កសិកម្ម បានបង្ហាញថា កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តជាតិ​ចំនួន ៣០១ ៤៣តោន ក្នុង​ឆមាសទី១ ឆ្នាំ​២០២២ ធ្លាក់ចុះ ៦៨,៣៩% បើធៀបនឹង​រយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំមុន​។ ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិនចំនួន ១៣៦ ៦៨តោន ថៃចំនួន ១៣៤តោន ជប៉ុនចំនួន ២១តោន និងកោះតៃវ៉ាន់ចំនួន ១០តោន​៕