លោក ឡោ វិចិត្រ៖ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ស៊ីវិល័យទាក់ទាញជាងគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អចលនទ្រព្យ និងសំណង់

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថា អាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។ នេះបើយោងតាមអនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥» ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញតំបន់ដែលមានលេចធ្លោជាងគេ គឺភាគខាងត្បូងដែលរាប់ចាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រទៅទល់គម្រោងអាកាសយានដ្ឋានអន្តរជាតិតាខ្មៅ ខេត្តកណ្តាល។ លោកអះអាងដូច្នេះក៏ព្រោះតែផ្អែកលើកត្តាភូមិសាស្រ្តអំណោយផលខាងប្រព័ន្ធធារាសាស្រ្ត សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យដែលនៅមិនទាន់អភិវឌ្ឍនៅឡើយ។

លោកថា សម្រាប់តំបន់ភាគខាងលិច មានសក្តានុពលខាងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ខណៈដែលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីណែនាំឲ្យរោងចក្រស្ថិតក្នុងតំបន់មួយចំនួន ត្រូវជ្រើសរើសទីតាំងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោកបន្តថា តំបន់នេះមានភាពលេចធ្លោខាងការសាងសង់ឃ្លាំង ដោយសារសម្បូររោងចក្រសហគ្រាស ហើយតម្លៃអចលនទ្រព្យនៅមានកម្រិត។ លើសពីនេះ ប៉ែកខាងលិចក៏មានផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៤ ដែលផ្តល់ភាពងាយស្រួលផ្នែកដឹកជញ្ចូនទៅកំពង់ផែផងដែរ។

ដោយឡែក តំបន់ភាគខាងកើតរាជធានី លោក ឡោ វិចិត្រ បញ្ជាក់ថា មានភាពអំណោយផលខាងសាងសង់លំនៅដ្ឋាន លក្ខណៈបុរីជាដើម។ យ៉ាងណាបែកខាងកើតនេះ បើពិនិត្យលើដងស៊ីតេប្រជាជនវិញ កំពុងប្រមូលផ្តុំមកកាន់ច្រើនឡើងថែមទៀត។

ទោះជាបែបក្តីនេះ លោកបានមើលឃើញថា តំបន់ខាងជើង គឺជ្រោយចង្វារ ក៏កំពុងមានភាពលេចធ្លោខាងលំនៅដ្ឋានដែរ ដោយសារតំបន់នេះជាប់នឹងទន្លេចតុមុខស្រាប់ ហើយតាមផ្លូវជាតិលេខ ៦A កំពុងស្វាគមន៍គម្រោងលំនៅដ្ឋានជាច្រើនហើយមានភាពស៊ីវិល័យទាក់ទាញ ប៉ុន្តែសម្រាប់ដងស៊ីតេប្រជាជននៅមានកម្រិតនៅឡើយ ប្រសិនបើប្រៀបធៀបភាគនឹងខាងផ្លូវជាតិលេខ១។

ទន្ទឹមនឹងនោះ ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញរូបនេះ ក៏បានរំលេចឲ្យឃើញផងដែរ ក្រៅពីតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ តំបន់មួយចំនួនកំពុងជួបបញ្ហាទឹកលេចនៅឡើយ នៅគ្រាដែលមានភ្លៀងធ្លាក់ម្តងៗ។ លោកបន្ថែមថា ដោយសារតំបន់ភាគខាងត្បូងមានភាពលេចធ្លោដូច្នេះហើយ បានជាអ្នកជំនាញលើកទឹកចិត្តវិនិយោគិនមកវិនិយោគ និងអភិវឌ្ឍនៅខាងត្បូងរាជធានីភ្នំពេញដែលជាជម្រើសល្អបំផុតនាពេលបច្ចុប្បន្ន និងអនាគត។

លោកបន្ថែមទៀតថា តំបន់ភាគខាងត្បូង បច្ចុប្បន្នវិស័យដីធ្លីនៅសេះសល់ច្រើនមិនទាន់ធ្វើការវិនិយោគ ឬអភិវឌ្ឍ ប៉ុន្តែមិនយូរនោះទេ តំបន់នេះនឹងអាចទាញចំណាប់អារម្មណ៍ ហើយទទួលបានគម្រោងអភិវឌ្ឍធំៗមកវិនិយោគ និងអភិវឌ្ឍ។ ដោយសារតំបន់ភាគខាងត្បូងនៅជិតព្រលានយន្តហោះអន្តរជាតិធំឈរលេខ ៩លើសកលលោកស្រាប់ ដែលភ្ជាប់ជាមួយមហាវិថីផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប អាគារពាណិជ្ជកម្ម ខុនដូរ និងទីក្រុងរណបជាដើម។

លោកថ្លែងថា៖ «ស្ថានភាពជាក់ស្តែងបច្ចុប្បន្ននេះ ភាគខាងត្បូងរាជធានីភ្នំពេញឆក់បានគម្រោងធំៗ ហើយកំពុងអភិវឌ្ឍន៍ខ្លួន ប៉ុន្តែលោកថា តំបន់ភាគខាងដទែទៀតក៏មានសក្តានុពលដែល គ្រាន់តែប្រើប្រាស់សម្រាប់វត្ថុបំណងរៀងៗខ្លួន»។

គួររម្លឹកបន្តិចថា អនុក្រឹត្យស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥» របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់នៅពេលខាងមុខ ហើយទីក្រុងភ្នំពេញ ក៏នឹងពង្រីកខ្លួនក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញផងដែរ៕