ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ ទទួលខុសត្រូវសាងសង់ស្ពានអាកាសជាច្រើននៅភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ,ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា,ស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ», ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងដំណើរការសាងសង់ស្ពានអាកាស១ទៀតដែរ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វាផងដែរ។ បូករួមទាំងគម្រោងស្ពានអាកាស២ទៀត គឺ ស្ពានអាកាសស្តុបស៊ិនជូរី និងច្រមុះជ្រូកក្បាលថ្នល់ ដូច្នេះរាជធានីភ្នំពេញ នឹងមានស្ពានការសរុប៩ ឆាប់ៗនេះផងដែរ។

យ៉ាងណា ក្នុងចំណោមស្ពានអាកាសសំខាន់ៗទាំងនេះ សារព័ត៌មានឧកញ៉ាញ៉ូស៍ នឹងលើកយកឈ្មោះស្ពានអាកាសធំៗចំនួន ៥ ដែលបានសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា ក្នុងនោះរួមមាន៖

១. ស្ពានអាកាស៧មករា ឬ ស្ពានស្តុបពេទ្យលោកសង្ស

ស្ពាននេះស្ថិតនៅក្នុង ខណ្ខទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានលក្ខណៈពិសេសរបស់ស្ពាន : ស្ពាននេះគឺស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ដោយមានបែកខ្នែងភា្ជប់ទៅវិថិកម្ពុជាក្រោម ជាស្ពានបេតុង ព្រមទាំងបង្កាន់ដៃសង្ខាងកំពស់១.០៨ម៉ែត្រ ដែលស្ថាបនា ឡើងដោយមានសួនច្បារនៅពីខាងក្រោមស្ពាន។

ស្ពាននេះ មានប្រវែង៣៤៥ម៉ែត្រ ទទឹង១៥.២០ម៉ែត្រ អាចចរាចរទ្វេរទិស មាន២ខ្សែសំរាប់រថយន្តទៅ និង២ខ្សែមក ជាមួយនឹងរបាំងបេតុងបែងចែកទ្រូងស្ពាន។ស្ពាននេះ បានបើកករដ្ឋានសាងសង់កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ក្នុងរយៈពេលសាងសង់ ១៣ខែ និងចំណាយទឹកប្រាក់នឹងត្រូវចំនាយ : ៨,៧០៥,៨០៨ដុល្លាសហរដ្ឋអាមេរិក។

២.​ ស្ពានអាកាស៥មករា ឬ ស្ពានអាកាសតិចណូ

ស្ពានអាកាសតិចណូត្រូវបានសម្ភោតអោយប្រើប្រាស់នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៦ មានឈ្មោះថា ស្ពានអាកាស ៥មករា ដោយថ្ងៃនេះជាថ្ងៃខួបគំរបខួបអាពាហ៍ពិពាហ៍ ៤០ ឆ្នាំនៃសម្តេចហ៊ុនសែន។ មានប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ស្ពាននេះរត់បណ្តោយមហាវិថី​សហព័ន្ឋរុស្ស៊ី ​ឆ្លងកាត់ខាងលើ​ប្រសព្វមហាវិថី គីម អ៊ីលស៊ុង ​និង មហាវិថី ម៉ៅ សេទុង​ និង ផ្លូវក្រោមដីមានប្រវែង ៣៥៦ ម៉ែត្រ ទទឹង ៦ ទៅ ៨ ម៉ែត្រ។ ផ្លូវអមស្ពានមានប្រវែងសរុប ៨២៥ ម៉ែត្រ ទទឹង ៥.៥ ម៉ែត្រ។

ស្ពាននេះ បានបើកការដ្ឋាន​សាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ​បញ្ចប់ ការ​សាង​សង់ ​នៅថ្ងៃទី០៩ ខែ​មករា ឆ្នាំ២០១៦។​ស្ពាននេះ​ សាងសង់ដោយក្រុមហ៊ុន ​វិនិយោគទុនអាណិកជនកម្ពុជា​ ( OCIC )​ ដោយតាមគម្រោង​នឹងនិង ចំណាយថវិកាសាងសង់ ​១៤.៥០២.៤៧៦ដុល្លារ ​បានមកពីគម្រោងវិនិយោគ នានា​របស់ក្រុមហ៊ុន OCIC។

៣. ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពីថ្ងៃ​ទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០១៩ និង​បាន​ប្រើប្រាស់​ពេលវេលា​សាងសង់​អស់​រយៈពេល​ជាង​ ៣០ ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២ ​លាន​ដុល្លារ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោមដី​ចោមចៅ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​-​កម្ពុជា (OCIC)​។

៤.ស្ពានអាកាសឫស្សីកែវ

បច្ចុប្បន្នគម្រោងស្ពានអាកាសឫស្សីកែវ កំពុងដំណើរការសាងសង់នៅឡើយ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាល ថ្ងៃទី ៣១ មករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។

ស្ពានអាកាសនេះមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។

៥.ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់

អំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ពាននេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។ ស្ពាន នឹងបើកការដ្ឋានសាងសង់ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ធ្លាប់បានសម្តែងចំណាប់អារម្មណ៍យ៉ាងវិជ្ជមានចំពោះវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់អះអាងដែរថា ការវិយោគលើវិស័យវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា គឺក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ រង្សី