សម្តេចតេជោ ប្រាប់អភិបាលរាជធានី/ខេត្ត នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ខណៈថ្មីៗនេះដកចៅហ្វាយក្រុងតាខ្មៅមួយចោល

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចបានបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅមួយចោលកាលពីពេលថ្មីៗនេះ ដោយសារតែមិនចេះមើលផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ សម្តេចតេជោបានណែនាំដល់អភិបាលរាជធានី, ខេត្ត, ក្រុង ,ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពល។

ក្នុងអនុក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចផ្ទាល់ដោយ បានប្ដូរលោក នូ សុវណ្ណរ៉ា ទៅបម្រើការងារនៅ រដ្ឋបាលខេត្តកណ្ដាលវិញ។ ចំណែកអភិបាលរងស្រុកខ្សាច់កណ្ដាល លោក ឃឹម សំភារ ត្រូវបាន តែងតាំង ជាអភិបាលក្រុងតាខ្មៅជំនួស លោក នូ សុវណ្ណរ៉ា។

ការផ្លាស់ប្ដូរចេញពីតួនាទី ជាអភិបាលក្រុងតាខ្មៅនេះ អាចទំនងមានសំណើពីអភិបាលខេត្ត កណ្ដាល លោក គង់ សោភ័ណ្ឌ ក្រោយពី មានការបែកធ្លាយសារសំឡេងរវាង អភិបាល ខេត្ត កណ្ដាល លោក គង់ សោភ័ណ្ឌ ជាមួយ ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ ពាក់ព័ន្ធភាពអសកម្ម ចំពោះ ការងារ របស់ លោក នូ សុវណ្ណរ៉ា កំពុង កាន់ តួនាទី ជា អភិបាល ក្រុង។

ជាមួយគ្នានេះដែរ កាលពី ដើមខែសីហា ឆ្នាំ ២០២២ អភិបាលខេត្ត កណ្ដាល លោក គង់ សោភ័ណ្ឌ ព្រមានដក តំណែងអភិបាល ស្រុកស្អាង អភិបាល ក្រុងតាខ្មៅ និង មន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតដោយទុកពេលឲ្យធ្វើការរយៈពេល ២០ ថ្ងៃ ដើម្បីឱ្យពួកគេដោះស្រាយបញ្ហាទឹកស្អាតជូនពលរដ្ឋប្រមាណ ជាង ៧០ គ្រួសារ ប្រើប្រាស់ ដោយ លោក លើកឡើងថាមន្ត្រីថ្នាក់ក្រោមទាំងនេះ បានធ្វើ របាយការណ៍ភូតកុហកលោក ជុំវិញការដោះស្រាយលើបញ្ហាគ្មានទឹក ប្រើប្រាស់ជូនពលរដ្ឋរហូតមក។

សូមជម្រាបថា លោក នូ សុវណ្ណរ៉ា ជា អភិបាលរង ក្រុង តាខ្មៅ បាន ឡើង មក កាន់ តំណែង ជា អភិបាលក្រុងតាខ្មៅជំនួសលោក ហេង ធៀម ដែលបានចូលនិវត្តន៍ កាលពី ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧៕