អ្នកបើកលើសល្បឿនកំណត់ អាចនឹងត្រូវពិន័យដក៦ពិន្ទុ ពីបណ្ណបើកបរ ចាប់ពីខែកញ្ញានេះ

សង្គម​និង​សេដ្ឋកិច្ច

ការដកពិន្ទុលើបណ្ណបើកបរយានយន្ត នៅក្នុងប្រទេសកម្ពុជា ​​បាន​ចាប់​ផ្តើម​អនុវត្ត​សាក​ល្បង​ហើយ ​​ចាប់ពី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ២០២២​នេះ​តទៅ ​ហើយ​​អ្នក​​ដែល​បើក​បរ​លើស​ល្បឿន​កំណត់ ចាប់ពី​ ៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើង​ទៅ​ ​​​នឹង​ត្រូវ​ពិន័យ​​​ដក​ពិន្ទុ​​ពី​បណ្ណ​បើកបរ​ដល់​ទៅ ៦​ពិន្ទុ​ ខណៈ​ដែល​ពិន្ទុ​សរុប​​មាន​ត្រឹម​តែ ១២​ពិន្ទុ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ប្រកាស​អន្តរក្រសួង​​​លេខ​ ១៧៦ ​​ចុះ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ២០២១ ​​​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ត្រង់​​​ប្រការ​​៤ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​ត្រូវ​កាត់ ១​ពិន្ទុ ​ចំពោះ​អ្នក​បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ១ ទៅ ១៩ គម/ម៉ និង​ពិន័យ​ជា​ប្រាក់ ១២​ម៉ឺន​រៀល, កាត់​២​ពិន្ទុ ចំពោះ​អ្នក​លើស​ល្បឿន​ចាប់ពី ២០ ទៅ ២៩ គម/ម៉ (ពិន័យ​ប្រាក់ ១៥ម៉ឺន​រៀល), កាត់​៣​ពិន្ទុ ចំពោះ​អ្នក​លើស​ល្បឿន​ចាប់ពី ៣០ ទៅ ៣៩​ គម/ម៉ (ពិន័យ​ប្រាក់ ១៨​ម៉ឺន​រៀល), កាត់៤​ពិន្ទុ ​ចំពោះ​អ្នក​លើស​ល្បឿន​ចាប់ពី ៤០ ទៅ ៤៩ គម/ម៉ (ពិន័យ​ប្រាក់ ៣០​ម៉ឺន​រៀល) និង​កាត់​៦​ពិន្ទុ ចំពោះ​អ្នក​បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ៥០​គម/ម៉​ ឡើង​ទៅ (ថែម​ពិន័យ​ជា​ប្រាក់ ៣០​ម៉ឺន​រៀល)។

កន្លង​មក ចំពោះ​ការ​ផាក​ពិន័យ​លើស​ល្បឿន​កំណត់​នេះ ​បាន​ក្លាយ​ជា​​​ក្តី​កង្វល់​​មួយ​​របស់​ប្រជាជន​ទូ​ទៅ ​​ដែល​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដូច​ជា​ការ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៤ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវ​​​​​ស្ងាត់​​មួយ​ចំនួន ​​ដែល​​មាន​ស្លាក​សញ្ញា​កំណត់ល្បឿន​ត្រឹម ៤០​ ឬ ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​​

សូម​បញ្ជាក់​ថា តាម​​ប្រកាស​​ខាង​លើ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​អនុវត្ត​ការ​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ​នេះ​ គឺ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ហើយ​បើ​ក្នុង​ករណី​អស់​ពិន្ទុ ​នោះបណ្ណ​បើក​បរ​ត្រូវ​ទុក​ជា​មោឃៈ។ បើ​អ្នក​បើកបរ​មាន​បំណង​ចង់​បាន​បណ្ណ​បើកបរ​​ថ្មី​ ត្រូវ​រៀន​បំប៉ន និង​ប្រឡង​យក​បណ្ណ​បើកបរ​ឡើង​វិញ ​ក្នុង​រយៈពេល​យ៉ាង​តិច ៦​ខែ៕