ទឹកប្រាក់ជាង ២លានដុល្លារ រដ្ឋរកចំណូលបានពីដីសម្បទាន ត្រឹមខែសីហា ឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ប្រមូលចំណូលពីដីសម្បទានជាង ២.០៥៦.៣៨១,០៦លានដុល្លារ ដែលមានផ្ទៃដីសរុប ១.១៦លានហិកតា។ នេះបើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន បានឲ្យដឹងថា ក្រសួងកសិកម្ម បានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់វិនិយោគដាំដំណាំកសិ-ឧស្សាហកម្មនៅទូទាំងប្រទេស មានចំនួន ២២៩គម្រោង និងផ្ទៃដីតាមកិច្ចសន្យាសរុបមានទំហំ  ១.១៦៧. ៤១៩ហិកតា។ ក្នុងនោះមាន ៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋចំនួន ២.០៥៦.៣៨១,០៦លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២២  ខណៈក្រុមហ៊ុនសម្បទានដីដទៃទៀតនឹងបន្តបង់រហូតដល់ចុងឆ្នាំនេះ។

លោកថ្លែងថា៖ «ក្នុងចំណោមផ្ទៃដីសរុប ផ្ទៃដីកំពុងធ្វើអាជីវកម្មមានត្រឹមតែ ៩២៨.៤៣៦ ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដី ៥០៧ ៥១០ ហិកតា កំពុងស្ថិតក្នុងស្ថានភាពឈូសឆាយសំអាត និងផ្ទៃដីចំនួន ៤០២.៧៦០ ហិកតាទៀត កំពុងដាំដុះជាក់ស្តែង ដោយមូលហេតុចំបងនោះគឺក្រុមហ៊ុនដទៃទៀត ខ្វះទុនវិនិយោគបន្ត គុណភាពដីមិនសមស្របទៅនឹងគោលបំណងចម្បងនៃការជ្រើសរើសមុខដំណាំដែលត្រូវធ្វើការដាំដុះ និងការរីករាលដាលមេរោគកូវីដ១៩»។

របាយការណ៍ក្រសួងកសិកម្ម បានបង្ហាញថា បច្ចុប្បន្ន គម្រោងសម្បទានដីសេដ្ឋកិច្ចដែលវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតក្នុងខេត្តចំនួន១៩ នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត ស្វាយរៀង និងខេត្តតាកែវ៕