ចិនឈរលំដាប់ទី១ ខណៈអឺរ៉ុបឈរទី២ ដែលបាននាំចូលអង្ករក្រអូបរបស់កម្ពុជាច្រើនជាងគេ

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសចិនបានឈរនៅលំដាប់ទី១ ខណៈប្រទេសអឺរ៉ុបឈរលំដាប់ទី២ ដែលបាននាំចូលអង្ករក្រអូបរបស់កម្ពុជាច្រើនជាងគេ។នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីជំនួញ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈបទពិសោធន៍ការនាំចេញរបស់វិស័យស្រូវអង្ករ រយៈពេល១០ឆ្នាំនេះ លោកកត់សម្គាល់ឃើញថា ទីផ្សារចិន និងអឺរ៉ុបពីរនេះ ជាទីផ្សារដ៏មានសក្តានុពលដ៏សម្រាប់កម្ពុជា ដែលអាចជំរុញឱ្យការនាំចេញបានលឿន និងមិនខាតពេល។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា«សម្រាប់ទីផ្សារចិន បានស្រូបយកប្រភេទអង្ករស និងអង្ករក្រអូបពីកម្ពុជាយ៉ាងច្រើន និងទីផ្សារអឺរ៉ុប បានស្រូបយកប្រភេទអង្ករក្រអូបរបស់កម្ពុជាជាង៩០% ហើយខ្ញុំគិតថានេះម៉ូឌែលសម្រាប់បងប្អូន ក្នុងវិស័យកសិ-កែច្នៃម្ហូបអាហារ គឺមានតែទីផ្សារពីរទេ ដែលយើងត្រូវតែព្យាយាមចាប់យក គឺចិន និងអឺរ៉ុប បានអាចទៅរួច ក្រៅពីនេះយើងនៅមានភាពស្មុគ្រស្មាញ ដូច្នេះការរៀបចំវិនិយោគ ត្រូវច្បាស់អំពីប្រវត្តិសាស្រ្ត»។

លោកបានបន្តថា ការចូលទៅទីផ្សារអឺរ៉ុបមិនមែនចូលទៅតែប្រទេសមួយទេ នៅក្នុងនោះគេមានបណ្តាញផ្គត់ផ្គង់ទៅជាង២០ប្រទេស នៅក្នុងទីផ្សារអឺរ៉ុប ហើយជាទីផ្សារដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងជាទីផ្សារដែលល្អដែលគិតទៅលើគុណភាព សុវត្ថិភាពដែលធ្វើឱ្យយើងទទួលបានតម្លៃកាន់តែខ្ពស់។

ចំណែកទីផ្សារចិនវិញ លោកថា គឺជាទីផ្សារចាំបាច់របស់កម្ពុជា ដូចនៅសហគមន៍អឺរ៉ុបដែរ ព្រោះប្រទេសចិនមានទំហំធំទូលាយ ហើយប្រជាជនចិន ត្រូវការម្ហូបអាហារស្រដៀងនឹងកម្ពុជាថែមទៀត។

យោងតាមការកត់ត្រារបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានឈរនៅលំដាប់ទី១ ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ដែលបានស្រូបយកបរិមាណនាំចេញអង្ករពីកម្ពុជាចន្លោះពីជាង២០ម៉ឺនតោនទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ចំណែកទីផ្សារអឺរ៉ុបស្ថិតក្នុងលំដាប់ទី២ ដោយជារៀងរាល់ឆ្នាំកម្ពុជា បាននាំចេញអង្ករទៅអឺរ៉ុបរង្វង់ជាង២០ម៉ឺនតោន។ បន្ទាប់សហគមន៍អឺរ៉ុប បានបញ្ឈប់ការយកពន្ធលើការនាំចូលអង្ករពីកម្ពុជា នៅឆ្នាំ២០២២នេះ ការនាំចេញ បានចាប់ផ្តើមកើនឡើងវិញផងដែរ។

ដោយឡែកបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន៣៥០,៩០២តោន ទទួលបានទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក៕