សិង្ហបុរី​ឈរ​លេខ​រៀង​ទី៣ វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី កំពុងពង្រឹងចំណងមិត្តភាពទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខណ្ឌអាស៊ាន។ ពិពិសេសនោះទាំងពីរបាន​ប្តេជ្ញា​នឹង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែខ្លាំង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​សកម្ម និង​មាន​ទំហំ​កាន់តែ​ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មែនទែនទៅ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើតដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ។

ចំណែកឯកិច្ចសហប្រតិបត្តិការក៏កាន់តែជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៥ ២១៧ ​លាន​ដុល្លារ​កើន ៤៩,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣ ៤៨៨,៦១ ​លាន​ដុល្លារ​។ ក្នុងនេះ​កម្ពុជា​នាំ​ទំនិញ​ទៅ​សិង្ហបុរី​មាន​ចំនួន ១១៩,៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៩៥,២ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​សិង្ហបុរី​មក​កម្ពុជា​បាន​ទឹកប្រាក់ ៥ ០៩៧,១ ​លាន​ដុល្លារ កើនឡើង ៤១៧ ​ភាគរយ​។

ដោយឡែក​សម្រាប់​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១ ២០១,៩៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៥៧,៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហបុរី​មាន​ទឹកប្រាក់ ៥០,២២ ​លាន​ដុល្លារ កើន ២៤៨,៣​ ភាគរយ និង​ការ​នាំចូល​មាន ១ ១៥១,៧៥​ លាន​ដុល្លារ ធ្លាក់ ៥៨,៩ ​ភាគរយ​។

ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ​ភាគរយ​បើ​ធៀប ឆ្នាំ​ ២០២០​។ សិង្ហបុរី​ឈរ​លេខ​រៀង​ទី ៣ ជា​ប្រទេស វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ទឹកប្រាក់ ២,៧ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន​ដែលមាន​ចំនួន ១៨ ​ពាន់​លាន​ដុល្លារ​, និង កូរ៉េ​ ៤,៩ ​ពាន់​លាន​ដុល្លារ​។

ជាមួយគ្នានេះដែរ សិង្ហបុរី ក៏តែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន៕