ក្រសួងមហាផ្ទៃបានច្រានចោល ការបំភាន់ និងមូលបង្កាច់របស់ភាគីថៃ លើការសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាជាប់ជាមួយថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុង នៅតាមច្រកទ្វារព្រំដែនកម្ពុជា ជាមួយថៃ ចាប់ពីទីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៥ មកនោះ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ បានចេញសេចក្តីប្រកាសថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុង នៅតាមច្រកទ្វារព្រំដែនកម្ពុជា ជាមួយថៃ ចាប់ពីទីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៥ មកនោះ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បន្ទរពី ក្រោយដោយអ្នកអត្ថាធិប្បាយ និងប្រព័ន្ធផ្សព្វផ្សាយថៃជ្រុលនិយមគ្មានវិជ្ជាជីវៈមួយចំនួនផង បានធ្វើសេចក្តី ថ្លែងការណ៍ វិភាគបកស្រាយ និងផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយចាត់ទុកការសម្រេចរបស់កម្ពុជាថាជាការ រំលោភបំពានសិទ្ធិមនុស្ស ផ្ទុយពីច្បាប់ និងអនុសញ្ញាអន្តរជាតិទៅវិញ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងស្ថានភាពប្រឈមការឈ្លានពានប្រដាប់អាវុធធ្ងន់ធ្ងរ ដោយភាគីថៃ បានប្រើយន្តហោះចម្បាំង F16 គ្រាប់បែកចង្កោម ផ្សែងពុល និងគ្រាប់ផ្លោងចូលជ្រៅក្នុងដែន អធិបតេយ្យកម្ពុជា តាមច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលមានកាតព្វកិច្ចចម្បង ការពារអាយុជីវិត និងសុវត្ថិភាព ជនស៊ីវិល ទាំងពលរដ្ឋខ្មែរ និងជនបរទេស រួមទាំងថៃ។ ការផ្អាកនេះ ជាវិធានការចាំបាច់ដើម្បីកាត់បន្ថយ ហានិភ័យនៃការស្លាប់ និងរបួសរបស់ជនស៊ីវិលពីបាញ់ប្រហារនៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានចេញបញ្ជាក់បន្ថែមបន្តបន្ទាប់ លើសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្អាកដំណើរការច្រកទ្វារព្រំដែនរវាងកម្ពុជាជាប់ជាមួយថៃ ដែលបាននិងកំពុងមានបញ្ហាប្រឈមជាមួយគ្នា ម្តងជាពីរដងរួចហើយ។ តើជាការភាន់ច្រឡំ យល់មិនជ្រៅលើអត្ថន័យ ឬធ្វើមិនយល់ ឬក្នុងចេតនាទុច្ចរិត បង្កើតរឿងលើរឿង? ការលើកឡើងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ អ្នកអត្ថាធិប្បាយ និងប្រព័ន្ធ ផ្សព្វផ្សាយថៃ ថាកម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការ បំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់ និងអនុសញ្ញាអន្តរជាតិនោះ គឺជាប្រការមិនត្រឹមត្រូវ ឡើយ។ ផ្ទុយទៅវិញ គឺជាការបង្ហាញភាពកំសោយនៃការងារគ្រប់គ្រងរដ្ឋបាល ឬជាការមិនអើពើចំពោះ សកម្មភាពឈ្លានពានដ៏ធ្ងន់ធ្ងររបស់កងទ័ពខ្លួនលើកម្ពុជា ឬហាក់ដូចជាបញ្ជាក់ពីកង្វះខាតការយល់ដឹងខាង ច្បាប់ និងអនុសញ្ញាអន្តរជាតិរបស់ភាគីថៃ។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ការសម្រេចផ្អាកការធ្វើ ដំណើរឆ្លងកាត់ព្រំដែនកម្ពុជាទាំងគោក និងទឹកជាប់ជាមួយថៃនេះ គឺអនុវត្តតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស ឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេង។ ចំពោះផ្លូវអាកាស ក្នុងករណីពលរដ្ឋកម្ពុជា និងពលរដ្ឋថៃមានចំនួនច្រើន ចង់ចាកចេញពីប្រទេសមួយទៅកាន់ប្រទេសមួយ ពោលគឺ ប្រទេសដើមកំណើតរៀងៗខ្លួនវិញ សូមឱ្យបង្កើនជើងហោះហើរដែលមានស្រាប់៕



