កម្ពុជាទាក់ទាញបានជំនួយពីស្ថាប័នទេសចរណ៍ពិភពលោកមួយ ដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍ជាតិ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាទទួលបានជំនួយបច្ចេកទេសរៀបចំគណនីរណបទេសចរណ៍ សម្រាប់វាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍ ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

លោកស្រីប្រធាន ស្យូលា ស៊ីមផ៍សុន បានសន្យាផ្ដល់ការគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋានធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)។

ក្រៅពីនេះក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថល ការចែករំលែកបទពិសោធន៍ និងសារសំខាន់នៃការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងបរិបទកូវីដ១៩ ។

ជាលទ្ធផល វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជា មុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ ចូលរួមក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាង២៥%។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបានជម្រាបដល់ក្រុមប្រឹក្សាពិភពលោក អំពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថាកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាបានភាពស៊ាំសហគមន៍ ដោយកម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងពិភពលោក ដែលបានបើកប្រទេសឡើងវិញ ជាពិសេសការដាក់ដំណើរការសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងបើកប្រទេសទទួលទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីចុងឆ្នាំ២០២១។

ឯកឧត្ដមបញ្ជាក់បន្ថែមផងដែរថា រយៈពេល៩ខែដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់១.២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕