លោក គង់ វិបុល៖ ការកែទម្រង់ពន្ធដារផ្តល់លទ្ធភាពឱ្យរដ្ឋបង្កើននូវចំណាយនានាគ្រប់វិស័យ

សង្គម​និង​សេដ្ឋកិច្ច

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីបច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្ម របស់សភាពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី២៨ ខែកញ្ញាម្សិលមិញ បានគូសបញ្ជាក់ថា ចំណូលពន្ធដារ គឺបានដើរតួនាទីសំខាន់ សម្រាប់អភិវឌ្ឍន៍ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការកែទម្រង់ពន្ធដារ បានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល បង្កើននូវចំណាយនានាគ្រប់វិស័យ ដើម្បីអភិវឌ្ឍកសាងជាតិ។

លោកបន្តថា តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា ធ្វើឲ្យចំណូលពន្ធអាចដឹងបានគ្រប់ពេលវេលា (Real time) ។ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ចំណូលពន្ធផ្ទៃក្នុងសម្រេចបានប្រមាណ ២ ៦៨០.៤០ លានដុល្លារ ស្មើនឹង ៩៥.០៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ខណៈដែលនៅសល់ពេល ៣ខែ ទៀតសម្រាប់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផ្ទៃក្នុងបន្តទៀត។

ទន្ទឹមនឹងនេះ លោក គង់ វិបុល ក៏បានលើកឡើងពីអត្ថប្រយោជន៍ ដែលអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានានា ក្នុងពន្ធដារ ដូចជាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ E-Filing ជាប្រព័ន្ធធ្វើឲ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពនៅក្នុងការប្រមូលចំណូលពន្ធជាដើម ដែលមិនត្រឹមតែពង្រឹងការបង់ពន្ធ របស់សាធារណជនប៉ុណ្ណោះទេ ថែមទាំងបញ្ចៀសនូវការគេចវេះមិនព្រមបង់ពន្ធផងដែរ។

លោកគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះការបង់ពន្ធមិនចាំបាច់ឈរចាំតម្រង់ជួរ និងរង់ចាំបំពេញបែបបទដូចពីមុនឡើយ ដោយសារតែឥឡូវអគ្គនាយកដ្ឋានពន្ធដារ ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ អតិថិជនអាចប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិច ដូចជាប្រព័ន្ធ E-Filing ជាដើម។

បន្ថែមពីនេះទៅទៀត ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ពន្ធដារ បានជួយក្នុងការផ្ទៀងផ្ទាត់នូវព័ត៌មាននានា ប្រកបដោយភាពច្បាស់លាស់ មានសុវត្ថិភាព និងរហ័ស ជាពិសេសផ្ដល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ ការប្រមូលចំណូលគ្រប់អង្គភាពនានា ប្រកបដោយភាពច្បាស់លាស់៕