ម្ចាស់ភាគហ៊ុនធំជាងគេនៃគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ជួបមន្រ្តីកម្ពុជាពិភាក្សាត្រៀមផ្ទេរប្រតិបត្តិការ

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ នៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី (AIAI) ជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ អនុប្រធានក្រុមហ៊ុន Liu Mingling លោក Liu Mingling បានគូសបញ្ជាក់ពីគណ:កម្មការតម្រង់ទិស ដែលកន្លងមកបានផ្តល់ការគាំទ្រពេញលេញ និងយកចិត្តទុកដាក់ជួយសម្របសម្រួលការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បានស្នើសុំកម្ពុជាបន្តផ្តល់ការគាំទ្រ ដើម្បីឈានទៅបញ្ចប់ការងារសាងសង់ និងពន្លឿនផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានរួមទាំងបុគ្គលិក និងសម្ភារៈ ឧបករណ៍នានា។

នៅក្នុងជំនួបដដែលនេះ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ដើម្បីធ្វើឱ្យគម្រោងដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅបានលឿន ព្រមទាំងជំរុញឱ្យក្រុមការងារ ប្រតិបត្តិការរបស់ក្រុមហ៊ុន AIAI និងផ្នែកពាក់ព័ន្ធ ទាំងអស់ខិតខំដោះស្រាយការងារសំខាន់ៗឱ្យបានលឿន ដើម្បីឈានឆ្ពោះទៅបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមនឹងនោះ លោកបានណែនាំឱ្យក្រុមហ៊ុនត្រៀមលក្ខណៈពិភាក្សាលម្អិត លើការរៀបចំផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានផងដែរ សម្រាប់ការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។ គម្រោងដ៏ធំប្រចាំខេត្តសៀមរាបនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុន AIAI ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅរាជធានីភ្នំពេញ៕