អង្គការ JETRO កំពុងកៀរគរវិនិយោគិនជប៉ុនឱ្យបន្តចាប់អារម្មណ៍វិនិយោគក្នុងប្រទេសកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ហៅកាត់ JETRO បានបើកដំណើរការការិយាល័យក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០១០ ដែលមានការគាំទ្រយ៉ាងពេញទំហំពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយលោក យិន សំបូរ ការីនិពន្ធជាន់ខ្ពស់នៃសារព័ត៌មានឧកញ៉ាញូស៍ បានលើកឡើងថា តាមរយៈការបង្កើតដំណាងការិយាល័យនៅភ្នំពេញ ហើយមានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទើបកម្ពុជា និងជប៉ុន បន្តចាប់ដៃជាមួយគ្នា យ៉ាងពេញទំហឹង និងកាន់តែមានឱកាសបន្តសហការសឹងគ្រប់វិស័យទៅវិញទៅមក។ លោកស្រីនិយាយថា កិច្ចសហការលើវិស័យពាណិជ្ជកម្ម ការនាំចេញ នាំចូល រួមទាំងសកម្មភាពវិនិយោគជប៉ុនកម្ពុជា កាន់តែល្អប្រសើរឡើងៗ។ 

លោកស្រីនិយាយបន្តថា ជាការពិត សកម្មភាពពាណិជ្ជកម្មទ្វេភាគរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ បើគិតចាប់តាំងពីឆ្នាំ២០១៥មក ហើយកិច្ចសហការស្ទើរគ្រប់វិស័យនេះ បានបន្តកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។ ជាសក្ខីភាព ខាងអង្គការ JETRO យើងខ្ញុំ ក៏បាននឹងកំពុងបន្តសកម្មភាពកៀរគងវិនិយោគិនជប៉ុនឱ្យបន្តចាប់អារម្មណ៍ វិនិយោគក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ 

យ៉ាងណាលោកស្រី Marisa Haruta បានបង្ហាញនូវហេតុផលមួយចម្បង ដែលក្រុមហ៊ុនវិនិយោគជប៉ុនជាច្រើនផ្សេងទៀត មិនទាន់បន្តដាក់គោលដៅវិនិយោគមកកម្ពុជានៅឡើយ ក៏ព្រោះតែពួកគាត់ មិនទាន់បានទទួលព័ត៌មានពីឱកាសវិនិយោគនៅកម្ពុជាបានគ្រប់ជ្រុងជ្រោយ ដូច្នេះហើយ ទើបអង្គការ JETRO យើងខ្ញុំ ព្យាយាមផ្សព្វផ្សាយ និងបង្កើតវីដេអូបង្ហាញពីកាលានុវត្តភាពនៃឱកាសវិនិយោគជាច្រើនរបស់កម្ពុជា ឱ្យអ្នកវិនិយោគជប៉ុនបានឃើញកាន់តែទូលំទូលាយ។

បើតាមលោកស្រី ជំហ៊ានបន្ទាប់ ក្រោយពីខាងក្រុមហ៊ុនជប៉ុនគាត់ចាប់អារម្មណ៍ ពួកគាត់អាចចុះមកសិក្សាស្វែងយល់ដោយផ្ទាល់ ដល់ទីតាំងក្រុមហ៊ុន ឬសហគ្រាសដែលពួកគាត់ចង់សហការនៅកម្ពុជា។ ទាំងអស់នេះហើយ ដែលអង្គការ JETRO យើងខ្ញុំ ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលជប៉ុន ក្នុងការដឹកនាំអ្នកវិនិយោគជប៉ុនមកកម្ពុជា។

លោកស្រីគូសបញ្ជាក់ថា មកទល់ពេលនេះ បញ្ហាកូវីដ១៩ នៅកម្ពុជា លែងជាឧបសគ្គទៀតហើយ តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងសមាគមមួយចំនួននៅកម្ពុជា យើងខ្ញុំនឹងជំរុញការផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា ទៅដល់ក្រុមហ៊ុនវិនិយោគជប៉ុនឱ្យបានកាន់តែខ្លាំងថែមទៀត។ លោកស្រីបន្ថែមទៀតថា មានក្រុមហ៊ុនជប៉ុនជាច្រើនកំពុងចង់ចាប់ផ្ដើមរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ នៅកម្ពុជាកាន់តែច្រើន ជាពិសេសខាងជប៉ុនក៏កំពុងសំឡឹងមើលក្រុមហ៊ុន សហគ្រាសជាដៃគូនៅកម្ពុជា ដែលពួកគាត់មានឈ្មោះបោះសំឡេង និងផ្ដល់ទំនុកចិត្តខ្ពស់ដល់ពួកគាត់។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុនមាន​ទឹកប្រាក់​ប្រមាណ​ជាង ១ ៧០០​ លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុនមាន​ទឹកប្រាក់​ប្រមាណ​ជាង ១ ០៩៣​ លាន​ដុល្លា​អាមេរិក ខណៈដែល​ជប៉ុន​នាំ​ចូលមក​កម្ពុជាមាន​ទឹកប្រាក់​ប្រមាណ​ជាង ៦០៧ ​លាន​ដុល្លា​មេ​រិ​ក​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ជប៉ុនមាន​ផលិតផល​ដូចជាសម្លៀកបំពាក់ស្បែកជើងកាបូបនិង​ផលិតផល​ផ្សេងៗទៀត​

ដោយឡែក នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) ដោយមាន​ការចូលរួម​ពី​តំណាង​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូ​ជី​ស្ទិក ធនាគារ សំណង់ និង​អចលនទ្រព្យ កាលពី​ថ្ងៃទី​៣០ ខែសីហា កន្លងទៅ លោក សុខ ចិន្តា​សោភា អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់ថា គិត​ត្រឹម ​ខែកក្កដា ឆ្នាំ​ ២០២២នេះ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​អនុម័តលើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុនចំនួន ១៤៨ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ២,៨៥ ប៊ី​លាន​ដុល្លារអាមេរិក៕