រដ្ឋាភិបាល-សមាគមន៍GMAC ចុះ MOUរួមគ្នា លើគម្រោងរោងចក្រកាន់តែប្រសើរឆ្នាំ២០២៣-២០២៧

សង្គម​និង​សេដ្ឋកិច្ច

កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងភាគីរាជរដ្ឋាភិបាល បានហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» ជាមួយតំណាងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងតំណាងអង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះ Mou នេះ គឺធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិប្រមាណជាង ៨០ រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ កម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បេសកកម្មនេះ គឺដើរស្របតាមផែនការជាយុទ្ធសាស្រ្តនិងផែនការសកម្មភាព កំណត់ក្រោម «យុទ្ធសាស្រ្តអភិវឌ្បន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»។

ឯកឧត្តម  ក៏បានវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាន នូវអនុស្សរណៈនៃការយោគយល់គ្នានេះ។

សូមបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» នេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងស្នូលក្នុងបន្តការសហការគ្នាសំដៅធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ នយោជិក ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូប តាមរយៈការអនុវត្តតាមច្បាប់ការងារនិងច្បាប់ពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសលើសុវត្ថិភាព និងសុខាមាលភាពការងារ៕