ណែនាំឱ្យស្គាល់ រដ្ឋមន្ត្រីវ័យក្មេង ៣រូប របស់កម្ពុជាបច្ចុប្បន្ន ដែលមានអាយុក្រោម៤៥ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២២ ​​បាន​ធ្វើ​ឱ្យ​​ប្រទេសកម្ពុជា មាន​រដ្ឋមន្ត្រី​​​វ័យ​ក្មេង​​គ្រប់គ្រង​ក្រសួង​ចំនួន ៣​រូប​ហើយ ដែល​មាន​វ័យ​ក្រោម ៤៥​ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ​​រដ្ឋមន្ត្រី​វ័យ​ក្មេង ៣​រូប ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំង​ ​​២៩​រូប ដែល​គ្រប់គ្រង​ក្រសួង ស្ថាប័ន មាន​នរណា​ខ្លះ? ​ថ្ងៃ​នេះ ឧកញ៉ាញូស៍ សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖​

១. លោក សាយ សំអាល់ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (វ័យ៤២ឆ្នាំ)

លោក សាយ សំអាល់ នៅតែជារដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត​របស់កម្ពុជា។ លោកកើត​​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៨០​ និង​​ជា​កូនពៅ​ក្នុង​ចំណោម​បង​ប្អូន​ពីរ​នាក់​​​របស់​​សម្តេច​វិបុល​សេនា​​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក សាយ សំអាល់ ជា​បញ្ញវន្តវ័យក្មេង​ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​លោក​ខាង​លិច​ផ្នែក​ជំនាញ​ជីវសាស្ត្រ​ ដោយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវ​វិទ្យា​វិទ្យា​សាស្ត្រ (Biological Sciences) នៅ​មហា​វិទ្យា​ល័យ​ម៉ូណាស (Monash University) ប្រទេស​អូស្ត្រាលី។ កាល​មានអាយុ​ ១៣ ឆ្នាំ ​លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​​សិង្ហបុរី​ ចូល​រៀន​ពី​ថ្នាក់​ទី ៦ ដល់​​ថ្នាក់​ទី ៩ ដោយ​​រៀន​ទាំង​ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ម៉ាឡេ​។ ក្រោយមកបាន​​បន្ដ​ការ​សិក្សា​ថ្នាក់​ទី ១០ ដល់​ទី ១២ នៅ​ប្រទេស​អូស្ដ្រាលី​ដោយ​តម្រង់​ទិស​ខាង​ផ្នែក​ជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​ជាប់​ជា​បេក្ខភាព​​បណ្ឌិត​ជំនាញ​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្ដ្រាលី។

នៅ​ឆ្នាំ ២០០៨ ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោយពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្រ្តាលី លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​មាន​ឋានៈ​ជា​ប្រធាន​អាជ្ញាធរ​​បឹង​ទន្លេសាប​​។ បន្ទាប់​មក​​បាន​កាន់​តំណែង​ជា​អគ្គលេខា​រង និង​ជា​អគ្គលេខា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី ៤ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​លោកក៏​ជា​ប្រធាន​គណៈ​ពង្រឹង​នៅ​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម​​ មុន​ពេល​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​កាលឆ្នាំ២០១៣។

២. លោក ឌិត ទីណា ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (វ័យ៤៣ឆ្នាំ)

កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ រាជធានីភ្នំពេញ ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ឆ្នាំ​ ១៩៩៤​ លោក​ ឌិត ទីណា បាន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ចាប់ពី​ឆ្នាំ​ ១៩៩៦​ រហូតដល់​ឆ្នាំ​ ២០០២​។ ឆ្នាំ​ ២០០២ ​ជា​ឆ្នាំ​ដែល​លោក​បញ្ចប់​ការ​សិក្សា​ពី​សាលា​ជាតិ​ជាន់​ខ្ពស់​ផ្នែក​រ៉ែ​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ Ecole Nationale superieure des mines de Paris ដោយ​ទទួល​សញ្ញាបត្រ​វិស្វករ​រ៉ែ។ ក្រៅ​ពី​សញ្ញាបត្រ​វិស្វករ​រ៉ែ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​ផ្នែក​រូបវិទ្យា​ពី​សាកល​វិទ្យាល័យ Orsay,Paris Sud នៅ​ឆ្នាំ​២០០០​។

លោក ឌិត ទីណា បានបំពេញការងារ​ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម​ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់​បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុម​ការងារ​រៀបចំ​តាក់តែង​គោលនយោបាយជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់​ភូមិសាស្ត្រ​ជាដើម។ លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ជារដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពី​ត្រូវបាន​សមាជិក​រដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

៣. លោក កើត រិទ្ធ ៖ ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (វ័យ៤៣ឆ្នាំ)

កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ មានទីកន្លែងកំណើត​នៅភូមិ​ព្រៃ​ទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក​​ទទួល​បាន​ការ​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០២០។ លោកជា​អតីត​និស្សិត​ពូកែ​ ​ទទួលបានអាហាររូបករណ៍សិក្សា​ផ្នែក​ច្បាប់​នៅប្រទេស​បារាំង នៅឆ្នាំ​១៩៩៩។ ឆ្នាំ២០០០ លោក​ទទួលបានបរិញ្ញាបត្រ​នីតិឯក​ជន​ពីសាកលវិទ្យាល័យលីយ៉ុង២​ប្រទេសបារាំង ចំណែកឆ្នាំ២០០១ លោក​ទទួល​បានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពី​សាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេស​ល្អ​ណាស់។ នៅឆ្នាំ២០០២ លោកទទួលបានបរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្ត​នៃ​បទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣​ប្រទេសបារាំងផងដែរ។

ក្រៅពីការសិក្សា និងស្នាដៃជាច្រើន លោក​ កើត រិទ្ធ ក៏មានបទពិសោធន៍ការងារ​ជាច្រើនផងដែរ ក្នុងនោះ ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៦ ជាសាស្រ្តាចារ្យផ្នែក ច្បាប់នៅសាកលវិទ្យាល័យភូមិន្ទ​និតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ) នៅក្នុងកំឡុងពេលនោះ​ លោក ក៏បានចុះផ្សព្វផ្សាយច្បាប់​ទាក់​ទងនឹង​ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទៅដល់ចៅក្រម ព្រះរាជ​អាជ្ញា និង​មន្រ្តី​អនុវត្តន៍ច្បាប់ តាមបណ្តាខេត្ត។ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា។ ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈ​កម្មការមូលបត្រកម្ពុជា។ ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ច​ជាតិ។

ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិក​គណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌។ ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខា​ធិការក្រសួងយុត្តិធម៌។ ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌៕