មន្រ្តីជាន់ខ្ពស់រូបណាខ្លះធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការដ៏ចម្បងមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សន្តិសុខស្បៀងអាហារ និងចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហាររបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលឡាយព្រះហស្តលេខាដោយអតីតព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងចុះហត្ថលេខាទទួលអនុវត្តច្បាប់នេះដោយរដ្ឋាភិបាលចម្រុះមួយដឹកនាំដោយគណបក្សហ្វុនស៊ិនប៊ិច និងគណបក្សប្រជាជនកម្ពុជា មានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២។

ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងកសិកម្មមានរដ្ឋមន្រ្តីចំនួន ៧រូប ក្នុងនោះលោក ឌិត ទីណា ទើបតែងតាំងថ្មីៗនេះ ជំនួសលោក វេង សាខុន ដែលត្រូវបញ្ចប់មុខដំណែង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ភ្លាមៗ រាជរដ្ឋាភិបាលចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជារដ្ឋមន្រ្តីស្តីទី។

រដ្ឋមន្ត្រី ៧រូបនោះរួមមាន៖ លោក តាវ សេងហួរ ចន្លោះឆ្នាំ១៩៩៤-១៩៩៨ លោក ឈា សុង ឆ្នាំ១៩៩៨-២០០១ លោក ច័ន្ទ សារុន ២០០១-២០១៣ លោក អ៊ុក រ៉ាប៊ុន ២០១៣-២០១៦ លោក វេង សាខុន ២០១៦-២០២២ ខែតុលា ខណៈលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្រ្តីស្តីទី រយៈពេល ៧ថ្ងៃ បន្ទាប់ពីបញ្ចប់មុខដំណែងលោក វេង សាខុន ចំណែកលោក ឌិត ទីណា កូនប្រុសប្រធានតុលាការកំពូល លោក ឌិត មន្ទី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីនៅថ្ងៃទី១៤ ខែតុលា។ ការឡើងកាន់ដំណែងនេះនៅសល់តែ១០ខែទៀតប៉ុណ្ណោះចប់អាណត្តិសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមជម្រាបថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីឡើយមានឈ្មោះត្រឹមតែក្រសួងកសិកម្មប៉ុណ្ណោះ បង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៧៩ មានលោក នូវ សាមុំ ជារដ្ឋមន្ត្រី ក្រោយមក លោក ម៉ែន ឆន ពីឆ្នាំ១៩៧៩-១៩៨១ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្ការ គង់ សំអុល កាន់រដ្ឋមន្ត្រីចំនួនពីរដង ពីឆ្នាំ ១៩៨១-១៩៨៦ និងឆ្នាំ១៩៩៣-១៩៩៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ពីឆ្នាំ១៩៨៦-១៩៩០ និងលោក ងួន ញ៉ិល ពីឆ្នាំ១៩៩០-១៩៩៣៕