លោក ឌិត ទីណា ជិះឧទ្ធម្ភាចក្រចុះជួយពលរដ្ឋរងគ្រោះដោយ​ទឹក​ជំនន់ភ្លាមៗក្រោយកាន់តំណែងរដ្ឋមន្ត្រីកសិកម្មថ្មី

សង្គម​និង​សេដ្ឋកិច្ច

ក្រោយបានតែងតាំងជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក លោក ឌិត ទីណា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះបំពេញបេសកកម្មរបស់ខ្លួនជាផ្លូវការហើយ ដើម្បី ដើម្បីនាំដោះស្រាយបញ្ហារបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរចុះពិនិត្យរបស់លោក ឌិត ទីណា នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ គឺបានអមដំណើរជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅជួបបងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ។

បើតាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ឌិត ទីណា បានថ្លែងយ៉ាងដូច្នេះថា៖ «បន្ទាប់ពីប្រជុំវាយតម្លៃនិងចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃម្សិលមិញថ្ងៃនេះបេសកកម្មតាមខេត្តរបស់ខ្ញុំចាប់ផ្ដើមជាផ្លូវការទៅតាមបណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។ ការងារនេះចាំបាច់និងបន្ទាន់ណាស់ដើម្បីធានាថាបងប្អូនប្រជាកសិករយើងលោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលានៅពេលដែលទឹកចាប់ស្រកទៅវិញ»។

សូមរម្លឹកដែរថា លោក ឌិត ទីណា បានចូលកាន់តំណែងរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​កាល​រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រី លោកបានប្ដេជ្ញាចិត្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដោយគូសបញ្ជាក់ថា មិនមែនមើលតែបុគ្គលណាមួយ ឬក៏ផ្នែកណាមួយនៃកសិកម្មនោះទេ។

ជាមួយគ្នានេះ លោកបានប្តេជ្ញា​​ដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម​ តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយមន្រ្តីនៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ​ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។

គួរបញ្ជាក់ដែរថា ក្នុងពិធីផ្ទេរដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មមកឱ្យលោក ឌិត ទីណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ស្នើឱ្យរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មថ្មី ចាត់ទុកការងារដោះស្រាយផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយនាពេលចំពោះមុខ និងអនុវត្តឱ្យបានល្អប្រសើរដែលដាក់ចេញនូវវិធានការពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ 

បន្ថែមពីនេះ ក្រៅតែពីការងារអាទិភាពចំពោះមុខគិតគូរពីផលប៉ះពាល់ដោយសារទឹកជំនន់នោះឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ក៏បានស្នើឱ្យលោក ឌិត ទីណា បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម យកចិត្តទុកដាក់លើការងារអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ លើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ អត្ថបទ៖ រង្សី