ដឹងអត់ថា ក្រុមហ៊ុនណា ទទួលបានសិទ្ធិវិនិយោគ «កោះរាជបុត្រ» នៅខេត្តព្រះសីហនុ?

សង្គម​និង​សេដ្ឋកិច្ច

រមណីយដ្ឋានកោះសំពោច ឬហៅថា «កោះរាជបុត្រ» ​​ដែល​ស្ថិត​នៅ​តំបន់​ឧទ្យាន​ជាតិរាម ស្ថិតក្នុង​ឃុំរាម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ​​ជា​​កោះ​មួយ​ មាន​ទេសភាពទាក់ទាញ​យ៉ាងស្រស់ត្រកាល មានឆ្នេរ​ខ្សាច់​ស​ក្បុសយ៉ាងស្រស់ស្អាត។ កោះ​ដ៏​តូច​ច្រឡឹង​នេះ ​​ត្រូវ​បាន​គេ​ដឹង​ថា ​​កំពុង​ទទួល​បានការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​មួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពសារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនចិន​ យិះ​ជៀ ទទួល​បាន​សិទ្ធិ​វិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​លើ​ដី​ជុំវិញ​តំបន់​ឧទ្យាន​ជាតិ​រាម ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពី​រាជ​រដ្ឋាភិបាល​រយៈពេល ៩៩​ឆ្នាំ លើ​ផ្ទៃដី​ជាង ៣​ពាន់​ហិកតា តាំងពីឆ្នាំ២០០៩ ដើម្បី​អភិវឌ្ឍ​ប្រែ​ក្លាយ​តំបន់​នេះ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​តាម​បែប​ធម្មជាតិ ប៉ុន្តែ​សកម្មភាព​របស់​ក្រុមហ៊ុន យិះ​ជៀ ត្រូវ​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នេះ ​យល់​ឃើញ​ថា មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្លាប់បាន​លើក​ឡើង​​ចំពោះ​ការ​អភិវឌ្ឍ​យឺត​យ៉ាវ​របស់​ក្រុមហ៊ុន​ចិន​នេះ​ថា ក្រុមការងារ​ថ្នាក់​​ខេត្ដនិង​ថ្នាក់ជាតិ​ ធ្វើយ៉ាងណា​​នឹង​ជំរុញ​គម្រោង​មួយចំនួន​ ដែល​ទទួលបាន​ការអនុម័ត​ពី​រាជរដ្ឋាភិបាល ហើយ​មាន​ការយឺតយ៉ាវ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៍​កាន់តែច្រើន។ ចំពោះ​ការ​យក​ថ្លៃ​សំបុត្រ​ម្នាក់ ២​ដុល្លារ លោក​ប្រធាន​មន្ទីរ​ បញ្ជាក់​ថា​នេះជា​ការរក​ចំណេញ​ពីការធ្វើ​វិនិយោគ។

អ្នកស្រី រឿន ចរិយា ជាបុគ្គលិកលក់ភេសជ្ជៈ​នៅ​ឆ្នេរ​កោះ​រាជបុត្រ ​​បាន​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ ​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២២ ខែតុលា ឆ្នាំ២០២២ ​​ថា កោះរាជបុត្រ តែងតែ​មាន​ភ្ញៀវ​មក​លេង​កម្សាន្ត​ជា​ប្រចាំ ​ជាពិសេស​នៅ​ពេល​ស្ថានភាព​កូវីដ-១៩ ​មាន​ការ​​ស្ងប់ស្ងាត់​វិញ ​​និង​តាំង​ពីមាន​​ការ​បើក​ឱ្យ​ដំណើរ​ការ​នូវ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។ ចំពោះ​តម្លៃ​​សំបុត្រ​គឺ ភ្ញៀវ​បរទេស​​ត្រូវ​បង់ថ្លៃ​ម្នាក់ ៤​ដុល្លារ និង​ភ្ញៀវ​ខ្មែរ​ម្នាក់ ២​ដុល្លារ។ អ្នកស្រី ​​បន្ត​ថា ភ្ញៀវ​មក​កម្សាន្ត​ទីនេះ ​​​​តែង​ពេញ​ចិត្ត​ចំពោះ​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​កោះ និង​ឆ្នេរ និង​ជា​ពិសេស​មាន​កន្លែង​ក្មេងៗ​លេង​កម្សាន្ត​ទៀត​ផង។

សូម​ជម្រាប​ជូន​ថា កោះសំពោច ឬហៅថា «កោះរាជបុត្រ» ស្ថិតនៅ​ចម្ងាយ​តែ ២០០ ម៉ែត្រ​ពីឆ្នេរ និងមាន​បរិមាណ​ប្រមាណ ២០០ ម៉ែត្រ​មួយ​ជុំកោះ ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍ បាន​រៀបចំ​ជា​ស្ពាន​ឈើ សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ត គយគន់ឆ្នេរ ព្រៃព្រឹក្សា សំណឹកថ្ម ក៏ដូចជា​ការ​ថតរូប​​ស្អាតៗ​ជា​អនុវស្សាវរីយ៍ ផងដែរ៕