កិច្ចព្រមព្រៀងអាសិប នឹងបង្កើនទំហំពាណិជ្ជកម្មសកលប្រមាណជាង៤០ប៊ីលានដុល្លារអាម៉េរិក

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈវេទិកាជាន់ខ្ពស់ស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)” ក្រោម​មូលបទ៖ គម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប កាលពីពេលកាលថ្ងៃ ទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២២កន្លងទៅ បានបង្ហាញថា កិច្ចព្រមព្រៀងអាសិបនេះ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​សកល​ប្រមាណ​ជាង៤០ប៊ីលានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឳកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការ​សិក្សារ​បស់ស្ថាប័នអន្តរជាតិបង្ហាញថា ប្រសិនបើអនុវត្តបានពេញលេញ នូវកិច្ចព្រមព្រៀងអាសិបនេះ នឹង​បង្កើនទំហំពាណិជ្ជកម្មសកលប្រមាណជាង៤០ប៊ីលានដុល្លារអាម៉េរិក បង្កើនប្រាក់ចំណូលពិត (Real Income​) សកលប្រមាណ២,៥% បង្កើនសកម្មភាពពាណិជ្ជកម្មរវាងបណ្តាប្រទេសអាសិបប្រមាណ ១២,៣% និងជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់អាសិប ប្រមាណជាង ២៧ លាននាក់ ឱ្យ​ក្លាយ​ជា​ប្រជាជនមានចំណូលមធ្យម នៅឆ្នាំ២០៣៧ ផងដែរ។

ជាមួយគ្នានេះ បន្តថា ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យឡើយ តែ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ស្រាក​ស្រាន្ត​របស់រដ្ឋមន្ត្រីពាក់ព័ន្ធ និងក្រុមការងារចរចាទាំងអស់ ក្នុងការជំនះការលំបាក និង​ភាព​ស្មុគ​ស្មាញ​ជា​ច្រើន នៅរយៈពេលជាង៨ឆ្នាំនៃការចរចាដ៏សស្រាក់សស្រាំនេះ។ សម្តេចថា រដ្ឋាភិបាលកម្ពុជា នឹង​ខិត​ចូល​រួមជាយុទ្ធសាស្ត្រក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រៅពីបង្ហាញថាកិច្ចព្រមព្រៀងអាសិប នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​សកល​ប្រមាណ​ជាង​៤០ប៊ីលានដុល្លារអាម៉េរិកហើយនោះ។តាមរយៈ វេទិការខាងលើនេះផងដែរ បើ​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ ERIA នៅឆ្នាំ២០២២ថ្មីៗនេះ ក៏បានបង្ហាញដែរថា កិច្ច​ព្រម​ព្រៀង​អាសិប​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២%-៣,៨%, កំណើនការនាំចេញក្នុងរង្វង់ ៩,៤%-១៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណ ៣,២%-៦,២%, កំណើនវិនិយោគប្រមាណ ២៣,៤%, និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២%-៣,៩% ផងដែរ៕