នាយករដ្ឋមន្រ្តីចិន នឹងមកកម្ពុជា ៤ថ្ងៃដើម្បីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ តាមអញ្ជើញពីប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពបរទេស

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥វិច្ឆិកានេះ ក្នុងអំឡុងពេលទស្សនកិច្ចលើនេះ លោក លី ខឺឈាង នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ។

ទន្ទឹមនឹងនោះ នាយកដ្ឋមន្រ្តីចិនរូបនេះក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្ដីកង្វល់រួម។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏មាននឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងសម្ពោធជានិមិត្តរូបបើកឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

លើសពីនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ លោក នឹងធ្វើជាអធិបតីជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ៕