កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោកផាម មិញជិញ ជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកអង្គារ ទី៨ វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា-វៀតណាម បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។

លើសពីនោះទៀត ក៏មានការឯកភាពគ្នា រវាងថ្នាក់ដឹកនាំទាំងពីរ ជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះ ក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃទៀតផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម រយៈពេល ២ថ្ងៃនៅកម្ពុជាលើកនេះ ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា – វៀតណាម»។

គួររំលឹកថា គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹក ប្រាក់ប្រមាណជាង ៣,៧៦ពាន់លានដុល្លារ ដែលទំហំនេះ មានការកើនឡើង ២២.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕