ប្រទះឃើញរថយន្តប្រធានាធិបតីសហរដ្ឋអាមេរិក «The Beast» ចូលហ្គារ៉ាសសាំងអ្នកឧកញ៉ាម្នាក់

សង្គម​និង​សេដ្ឋកិច្ច

នៅ​ព្រឹក​ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា​នេះ ​​គេ​បាន​ប្រទះឃើញរថយន្តប្រធានាធិបតីសហរដ្ឋអាមេ​រិក ចូ បៃដិន ឈ្មោះថា “The Beast”​ ​ចំនួន​២​គ្រឿង​ ​បាន​ចូលចាក់សាំង​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ​នៅលើផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១)​រាជធានីភ្នំពេញ គឺ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ សូគីមិច របស់​អ្នកឧកញ៉ា សុខ គង់ និងជាម្ចាស់សណ្ឋាគារ សុខា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត​ The Beast ​​ជាប្រភេទរថយន្ត Cadillac One ​ដែល​មាន​ទម្ងន់​ជិត​ ១០​តោន ដោយមានកម្រាស់​ដែកក្រាស់ៗ​សម្រាប់​ការពារសន្តិសុខ ហើយកញ្ចក់របស់វា​ អាច​ការពារ​ពីការ​ទម្លុះ​របស់​គ្រាប់​កាំភ្លើង​បាន ការពារ​គ្រប់វត្ថុ​ទាំង​ឡាយ​ដែល​នឹង​មក​ក្បែរ​វា ដើម្បី​ការពារ​ពីការ​ផ្ទុះ​ នៅ​ពេល​មាន​ការ​បំបុក​ដោយ​ផ្ទាល់។ ​​រថយន្ត​ទំនើប​ ដើម្បី​ការពារ​សុវត្ថិភាព​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ពិភពលោក​នេះ គឺ​មាន​២​គ្រឿង​​ដូច​គ្នា​ទាំង​ស្រុង សម្រាប់​​ប្រធានាធិបតី​អាមេរិក​​ប្រើប្រាស់ផ្ទាល់​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត បើក​បន្ត​បន្ទាប់​គ្នា​ ​ដើម្បី​ជា​ការ​បញ្ឆោត ​​ជៀស​វាង​ការ​វាយ​ប្រហារ​ផ្សេងៗ។

សូម​ជម្រាប​ជូន​ថា បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ​នឹង​​អញ្ជើញ​ធ្វើ​ដំណើរ​មក​ដល់​រាជធានីភ្នំពេញ ​​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​សៅរ៍​ស្អែក​នេះ ​​ហើយ​លោក​នឹង​ប្រើប្រាស់​រថយន្ត​ The Beast ជាមួយ​នឹង​ក្បួន​ការពារ​​ជា​ច្រើន​ ​​ដើម្បី​ធ្វើ​ដំណើរ​មក​ចូល​រួម​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន-អាមេរិក និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​​នៅ​សណ្ឋាគារ​ សុខា ភ្នំពេញ នៅ​ល្ងាច​​​​​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា មុន​នឹង​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ នៅ​​រសៀល​ថ្ងៃទី​១៣ ខែ​វិច្ឆិកា៕

______________

រូបថត៖ Heng Aroma