អ្នកជំនាញ ព្យាករថា ឆ្នាំ២០២៣ វិស័យអចលនទ្រព្យក៏អត់មានការងើបកម្រើកឡើងខ្លាំងដែរ

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញអចលនទ្រព្យ បានបង្ហាញទស្សនៈយល់ឃើញថា នៅចុងឆ្នាំ២០៣ខាងមុខ ស្ថានភាពវិស័យអចលនទ្រព្យប្រទេសកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពមួយត្រូវតែមានការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រឧកញ៉ាញូស៍ថា វិស័យអចលនទ្រព្យកម្ពុជា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានភាពហាក់គ្មានអ្វីប្រែប្រួលជាដុំកំភួននៅឡើយ។ ការណ៍នេះ លោកថា ក៏ព្រោះផ្អែកលើចរន្តទិញលក់មិនទាន់មានសកម្មភាពផុសផល បើប្រៀបធៀបនឹងកាលមុនជួបវិបត្តិកូវីដ១៩ ម្យ៉ាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់អ្នកវិនិយោគ និងប្រជាជន ហាក់ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅឡើយដែរ។

លោកឧកញ៉ាថ្លែងថា បើនិយាយដល់ជំងឺរាតត្បាតកូវីដ១៩ វាលែងជាក្តីព្រួយបារម្ភទៀតហើយ សម្រាប់កម្ពុជានិយាយដោយឡែក តែសម្រាប់បញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២២នេះ ឃើញថាមានសកម្មភាពងើបកម្រើកតិចតួចប៉ុណ្ណោះ។ លោកឧកញ៉ាបន្តថា សម្រាប់ឆ្នាំ២០២៣ខាងមុខ លោកព្យាករថាវិស័យអចលនទ្រព្យក៏អត់មានការងើបឡើងខ្លាំងដែរ ប៉ុន្តែសម្រាប់ចុងឆ្នាំ២០២៣វិញ អាចនឹងមានការងើបវិញ។

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាយើងឆ្នាំ២០២៤-២០២៥ ខ្ញុំអាចទស្សន៍ទាយថា នឹងងើបឡើងវិញក្នុងកម្រិតខ្ពស់មួយ តែគ្រប់យ៉ាងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្គ្រាមបន្តអូសបន្លាយពេលតទៅទៀត។ ឧកញ៉ា ឃាង ពុទ្ធី ថ្លែងបញ្ជាក់បន្ថែម។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បន្តបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ខណៈដែលឆ្នាំ ២០២២នេះ សេដ្ឋកិច្ចមានកំណើនក្នុងអត្រាប្រមាណ ៥,៤%។ តាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។

ទោះយ៉ាងនេះក្តីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០២៣ បញ្ជាក់ថាប្រទេសកម្ពុជានៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមិនសម្រេចបានតាមការគ្រោងទុក ឬក៏បន្ទុយបង្អាក់ដល់កំណើន។

កត្តាទាំងអស់នោះ រួមមានការបន្តកើនឡើងនូវសម្ពាធអតិផរណា ការរឹតបន្តឹងកាន់តែលឿន និងកាន់តែខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេសការតម្លើងអត្រាការប្រាក់នៃធនាគារកណ្តាលអាមេរិក។ ការថមថយកំណើនសេដ្ឋកិច្ចចិន ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេសការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាតៃវ៉ាន់ ការបែងចែកប្លុកសេដ្ឋកិច្ច ពាណិជ្ជកម្មសកលលោក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម សុទ្ធសឹងជាកត្តាដែលគួរឲ្យព្រួយបារម្មណ៍ពីការបង្អាក់ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជា៕

20 Shares