អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បរិច្ចាគថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ព្រមទាំងក្រុមគ្រួសារ បានចូលរួមបរិច្ចាគថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផ្សេងទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

កាលពីឆ្នាំ ២០២២កន្លងទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារទាំងមូល ក៏បានចូលរួម ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ផងដែរ។ 

ទន្ទឹមនឹងការបង្ហាញវត្តមានចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានសប្បុរសជននានាពីគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា បានបន្តចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងបុព្វហេតុ និងក្ដីសង្ឃឹមរួមតែមួយ គឺដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

គួរបញ្ជាក់ផងដែរថា ទំនួលខុសត្រូវសង្គម និងសកម្មភាពរួមចំណែកដល់ផលប្រយោជន៍សង្គម-សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ក៏ជាគុណតម្លៃសំខាន់មិនអាចខ្វះបានរបស់ក្រុមហ៊ុន ដែលថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ជាន់ថ្នាក់តែងផ្តល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាបន្តបន្ទាប់ ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាលើសកម្មភាពមនុស្សធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងសាលារៀន ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសកម្មភាពជាប្រយោជន៍សង្គមដទៃទៀតជាច្រើន។

ក្រៅតែពីវិសាលភាពប្រតិបត្តិការធុរកិច្ចដ៏ធំ និងជោគជ័យរបស់ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា ក្រោមការដឹកនាំដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន ក៏តែងតែ បានចូលរួម បរិច្ចាគរួមចំណែកជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍនានាចំនួនប្រមាណ ១៣,១លានដុល្លារអាម៉េរិក បរិច្ចាគក្នុងការកសាងផ្លូវថ្នល់ចំ​នួនប្រមាណ ៦,១៧លានដុល្លារអាម៉េរិក បរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌ ចំនួនប្រមាណ ៤,៣៥លានដុល្លារអាម៉េរិក (គិតត្រឹមឆ្នាំ២០២៣នេះ), បរិច្ចាគរួមចំណែកជួយដល់វិស័យសុខាភិបាល ចំនួនប្រមាណ ៣៨ម៉ឺនដុល្លារអាម៉េរិក និងចូលរួមឧបត្ថម្ភដល់មូលនិធិតេជោ ១២៥ ចំនួន ៥០ម៉ឺនដុល្លារអាម៉េរិក។

និយាយដោយឡែក គិតមកដល់បច្ចុប្បន្ននេះ ការបរិច្ចាគទឹកប្រាក់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ និងសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន មានទំហំសរុបដល់ទៅជាង២៤,៥ លានដុល្លារអាម៉េរិក។ តួលេខនេះគូសបញ្ជាក់យ៉ាងច្បាស់ នូវឆន្ទៈដ៏មោះមុតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងថ្នាក់ដឹកនាំក្រុមហ៊ុន ចំពោះការអនុវត្តធុរកិច្ចប្រកបដោយទំនួលខុសត្រូវសង្គមខ្ពស់ដើម្បីផ្តល់ជាប្រយោជន៍សង្គម និងសេដ្ឋកិច្ចជូនដល់សហគមន៍ និងប្រជាពលរដ្ឋ   កម្ពុជាយើងវិញ៕