មកមើលកម្មវិធីមង្គលការចៅស្រី លោក ជា សុផារ៉ា ថ្ងៃអាទិត្យស្អែក មានអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ​​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ចៅ​ស្រី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​​នឹង​ចាប់​ផ្តើម​កម្មវិធី​ជា​​ផ្លូវ​ការ​ហើយ។ តើ​ពិធី​មង្គល​​របស់​ត្រកូល​គ្រួសារ​ថ្នាក់​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​​​នឹង​មាន​កម្មវិធី​បែប​ណា​ខ្លះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូម​ជម្រាប​ថា ចៅស្រី លោក ជា សុផារ៉ា មាន​ឈ្មោះ​ថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវ​ជា​កូនស្រីរបស់លោក អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុផាកន្នី ​​នឹង​ត្រូវ​ចូល​រោងជ័យ​រៀប​មង្គលការ​ដ៏​ធំ​ជាមួយ​នឹង​កូនកំលោះ​ឈ្មោះ​ថា “ប៉ែន សំអាត សុទ្ធចិត្ត” កូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​​អគ្គ​នាយករង​គយ និងរដ្ឋាករ​កម្ពុជា។

​បណ្ឌិត ថេង ច័ន្ទសង្វារ ​​នាយក​ខុទ្ទកាល័យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា

បើ​តាម​លោក​បណ្ឌិត ថេង ច័ន្ទសង្វារ ​​នាយក​ខុទ្ទកាល័យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ​​បាន​បង្ហើប​ឱ្យ​ដឹង​​ក្នុង​កិច្ច​ប្រជុំ​ក្រុមការងារ​ពិធីការ​នៃ​អាពាហ៍ពិពាហ៍​ខាង​លើ ​​កាល​ពី​រសៀល​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ២០២២ ​​ថា​​ពិធី​មង្គលការ​ដ៏​ធំ​មួយ​នេះ​ នឹង​មាន​កម្មវិធី​ដូច​ខាង​ក្រោម៖

កម្មវិធី​ថ្ងៃ​អាទិត្យ ទី៤ ខែ​ធ្នូ ឆ្នាំ២០២២

ម៉ោង៩:៣០នាទីព្រឹក៖ ជួបជុំភ្ញៀវកិត្តិយស​ទាំងអស់​នៅ​គេហដ្ឋាន​ខាង​ប្រុស (បឹង​កេងកង)
ម៉ោង៩:៤៥នាទី​ព្រឹក៖ ពិធីសំអាងកេសា
ម៉ោង១០:៤៥នាទី​ព្រឹក៖ ពិធីកាត់ផ្កាស្លា (អញ្ជើញភ្ញៀវកិត្តិយស​ទទួល​ទានអាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​គេហដ្ឋាន​​ខាង​ប្រុស)
ម៉ោង១៣:៤៥នាទី​រសៀល៖ ពិធីហែផ្កាស្លាចូលរោងជ័យ​នៅ​ភូមិគ្រឹះ​លោក ជា សុផារ៉ា
ម៉ោង១៤:១៥នាទី​រសៀល៖ ពិធីក្រុងពាលីខាងបាយសីកុល
ម៉ោង១៥:១៥នាទី​រសៀល៖ ពិធីសូត្រមន្ត​ចម្រើន​ព្រះបរិត្ត (ប្រព្រឹត្តទៅនៅមុខ​ហ្វុងផ្កា​ខាង​ឆ្វេងដៃ)
ម៉ោង១៦:១៥នាទី​រសៀល៖ ពិធីព្រេនជីដូនជីតា គួចចំណងដៃតូច ជុំពាលា និងជាវខាន់ស្លា
ម៉ោង១៧:៣០​នាទី​​ល្ងាច៖ ពិធីចុះសំបុត្រ​អាពាហ៍ពិពាហ៍ (អញ្ជើញភ្ញៀវកិត្តិយស​ទទួល​ទាន​អាហារ​ពេល​ល្ងាច)
ម៉ោង១៨:៣០​នាទី​ល្ងាច៖ ពិធីបុកល័ក្ត និងធ្វើ​ធ្មេញ (ប្រព្រឹត្តទៅនៅរោងធំមុខផ្ទះឈើ)។

​កម្មវិធី​​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២

ម៉ោង៦:៣០​នាទី​ព្រឹក៖ ជួបជុំភ្ញៀវកិត្តិយស​ទាំងអស់​រៀបចំ​ហែជំនូន (ជំនូន​សរុប​៨៨​គូ)
ម៉ោង៧:០០​នាទី​ព្រឹក៖ ពិធីហែជំនូន​អ្នក​មហាទាំងបី​និយាយ​ជើងការ និង​ទទួល​ស្លា​កំណត់ ពិធីបំពាក់​ចិញ្ជៀន (អញ្ជើញភ្ញៀវកិត្តិយស​ទទួល​ទាន​បបរ​​ពេល​ព្រឹក)
ម៉ោង៩:១៥​នាទីព្រឹក៖ ពិធីកាត់សក់​បង្កក់​សិរី (ប្រព្រឹត្តទៅនៅមុខរូបអង្គរវត្ត)
ម៉ោង១០:២៥នាទី​ព្រឹក៖ ពិធីសំពះពេលានៅរោងក្រុងពាលី
ម៉ោង១០:៣៥នាទី​ព្រឹក៖ ពិធី​ក្រាប​សំពះផ្ទឹម នង​ព្រះថោង​នាង​នាគ (ប្រព្រឹត្តទៅនៅមុខរូបអង្គរវត្ត) – អញ្ជើញភ្ញៀវកិត្តិយស​ទទួល​ទាន​​អាហារ​ថ្ងៃ​ត្រង់
ម៉ោង១៧:០០​នាទី​ល្ងាច៖ ទទួល​ភ្ញៀវ​កិត្តិយស​ពិសាភោជនាហារ​ពេល​ល្ងាច​នៅ​មជ្ឈមណ្ឌល OCIC អគារ D។

សូម​ជម្រាប​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនកំលោះ-កូនក្រមុំ​ខាង​លើ ​​ក៏​​នឹង​មាន​តែង​លំអរ​ផ្កា​ស្បៃ​រឿង​ចំនួន ១​លាន​​ទង ​ដែល​ដាំ​ដោយ​ផ្ទាល់​ដៃ​ផង​ដែរ។ លោក អ៊ាង សុផល្លែត ឪពុក​របស់​កូន​ក្រមុំ ​​បានជ្រើស​យក​ការដាំផ្កាស្បៃរឿង ប្រមាណ ១លានទង ដោយផ្ទាល់ដៃ​នេះ គឺ​ដើម្បី​​​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​កូន​ស្រី និង​ចង់ បង្ហាញ ដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធី​ផ្សេងៗ គឺយើងអាចដាំបាន​ដោយ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​យក​ពី​បរទេស ជាពិសេស​គឺ​អាច​​ជួយ​ផ្តល់ការងារ​​ដល់​ប្រជាជន​កម្ពុជា​បាន​ទៀត​ផង។

លើស​ពី​នេះ ក្រុមការងារពិធីការមកពី ៤ ក្រសួង ស្ថាប័នរបស់រដ្ឋ ដែល​រួម​មាន ក្រុមការងារ​ក្រសួង​រៀបចំដែនដី ចំនួន​​ប្រមាណ​ ៧០​នាក់ និង​ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និង​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សរុប​រាប់រយ​នាក់​បន្ថែម​ទៀត​ ​​នឹង​រួម​គ្នា​​​​​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវកិត្តិយស ​ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​កំពូលៗ អ្នកឧកញ៉ា ឧកញ៉ា ​និង​អ្នកមុខ​អ្នកការ​ជា​ច្រើន​រូប​​ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​​​នេះ៕