World Bank៖ ការងើបឡើងវិញនៃវិស័យទេសចរណ៍ ជាផ្នែកសំខាន់ ជួយឱ្យកម្ពុជា​មាន​កំណើនសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២២ បាន​ព្យាករថា កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច ៤,៨% នៅក្នុង​ឆ្នាំ២០២២ ក្នុងនោះ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​សម័យ​មាន​ជំងឺ​រាតត្បាតមាន​សន្ទុះ​កើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបន្តថា ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និង​ការ​នាំចេញ​ស្បែកជើង​របស់​កម្ពុជា​នៅរក្សា​បាន​ភាពស្វិតស្វាញ​របស់​ខ្លួន​។ វិស័យសេវាកម្ម ជាពិសេសផ្នែក​ធ្វើដំណើរនិងទេសចរណ៍ មាន​ដំណើរ​ការ​បានល្អក្រោយពេលរដ្ឋា​ភិបាល​ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុង​ឆ្នាំ​២០២១ ហើយចំនួន​សរុបនៃការមកដល់របស់​ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២​លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ច​និង​អ្នក​ប្រើប្រាស់​បាន​កើន​ឡើង អម​ដោយ​ការ​កើនឡើងនៃការវិនិយោគក្នុងប្រទេស​ និងពីក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះ ធនាគារពិភពលោក បានលើកឡើងថា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថា នឹងកើន ៥,២%​ នៅឆ្នាំ២០២៣ ព្រោះថា​កំណើន​នៃការ​ជួល​មនុស្ស​ធ្វើការ​នឹង​កាន់​តែជួយ​ដល់ការ​កើនឡើង​នៃការ​ទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ ទស្សន​វិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយ​សារតែ​ការវិវត្ត​សភាពការណ៍នៅក្រៅព្រំដែនរបស់​កម្ពុជា។

ដោយឡែក សម្រាប់ពេលឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹង​បន្ត​ឈាន​ទៅដល់អត្រាកំណើនប្រហែល ៦% នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុង​ស្រុក​បង្កើន​អនុភាព​កាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជា ​នៅក្នុង​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែលបាន​ចុះហត្ថ​លេខា​កាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឱ្យ​កាន់​តែមាន​សន្ទុះ​ឡើង​ទៀតដែរ៕ អត្ថបទ៖ រង្សី