អូស្រ្តាលី ផ្តល់ជំនួយឥតសំណង ៦៥លានដុល្លារ ដល់កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧ ពីកម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលរសៀលថ្ងៃទី ១២ ខែធ្នូ ។

កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន ។ 

លោកឯកអគ្គរាជទូតអូស្រ្តាលី បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផល ដែលសម្រេចបានជាផ្លែផ្ការបស់រដ្ឋាភិបាលទាំងពីរ ក្នុងអាណត្តិ បេសកកម្មការទូតរបស់ឯកឧត្ដម ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការសម្រេចបាននូវការផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យ កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ការគាំពារសង្គម, សកម្មភាពកំចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ថាមពលស្អាត និងការវិនិយោគបៃតង, និងការជួយរៀបចំសេចក្ដីព្រាងឯកសារគោលនយោបាយមួយចំនួនទៀត។

ទន្ទឹមនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ៕