រយៈពេលបីថ្ងៃ ភ្ញៀវទេសចរណ៍ជាង៧០ម៉ឺននាក់ ទៅលេងបុណ្យសមុទ្រនៅព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានសម្រុកទៅលេងខេត្តព្រះសីហនុកាន់តែច្រើន ក្នុងឱកាសបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលព្រឹត្តិការណ៍កន្លងរយៈពេលបីថ្ងៃនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ទេសចរណ៍ជាង ៧០ម៉ឺននាក់ នេះបើតាមការឱ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ប្រជាជនមានការសប្បាយរីករាយ នៅក្នុងពិធីបុណ្យសមុទ្រទាំងពេលយប់ និងពេលថ្ងៃខណៈដែលបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។


បើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងដែរថា មូលហេតុដែលភ្ញៀវសម្រុកមកលេងច្រើនបែបនេះ ព្រោះមានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈនៅទីលានតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់ ហើយកាន់តែពិសេស ក៏មានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។

អាជ្ញាធរខេត្តព្រះសីហនុ នឹងនៅបន្តការរៀបចំពិធីបុណ្យសមុទ្របន្ត ប្រសិនបើប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតែចូលរួមកម្សាន្តច្រើន គឺខេត្តនឹងបន្តនៅថ្ងៃទី១៣ ដើម្បីបង្កការសប្បាយ ជូនភ្ញៀវទេសចរណ៍គ្រប់រូប និងដើម្បីអបអរមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោក ដែលបាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។


សូមជម្រាបថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើ សកលលោក។
ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ រទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕