អគ្គនាយ CSX៖ ត្រឹម១០ខែឆ្នាំនេះ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានជាង ៥០ម៉ឺនដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ក្នុង​ឆ្នាំ​២០២២​នេះ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានជាង ៥០ម៉ឺនដុល្លារអាមេរិក ខណៈ CSX ក៏បាន​បង្ហាញ​មហិច្ឆិកា បង្កើនទំហំជួញដូរប្រចាំថ្ងៃ ឱ្យបានជាមធ្យម ១០០លានដុល្លារនៅឆ្នាំ២០៣០ខាងមុខផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងយ៉ាងដូច្នេះរបស់លោកអគ្គនាយក ធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថាលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នារវាង ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នា​ពេល​ថ្មីៗនេះ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញឱ្យដឹងថា ទំហំជួញដូរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បានបង្ហាញសញ្ញញដ៏ល្អប្រសើរ ​ដែល​បាន​កើនឡើងទ្វេមួយជាពីរ ជារៀងរាល់ឆ្នាំ។ CSX នឹងខិតខំធ្វើការងារ ដើម្បី​ជំរុញ​ទំហំ​ជួញ​ដូរឱ្យ​បាន​កើន​ឡើងទ្វេមួយជាពីររៀងរាល់ឆ្នាំរហូតឆ្នាំ២០៣០ ដែលលោករំពឹងថា នៅ៧ឆ្នាំក្រោយការជួញដូរ នឹង​ឈាន​ដល់​១០០លានដុល្លារ។

​លោកបន្តថា នាពេលថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់ឧកញ៉ាល្បីៗមួយចំនួននៅកម្ពុជា ក៏បាន​ត្រៀម​ខ្លួនឈាន​ជើងចូលក្នុងទីផ្សារផងដែរ ​ព្រមជាមួយនឹងការចាប់អារម្មណ៍ពីក្រុមហ៊ុន ដែលមានភាគហ៊ុនពីបរទេស។ ជាមួយគ្នា វិស័យមូលបត្រកម្ពុជាបាននិងបង្កើត ​ផលិតផលថ្មីៗដូចជាមូលនិធិវិនិយោគ ក្នុង​វិស័យ​អចលន​ទ្រព្យ ដែលគ្រោងនឹងដាក់ដំណើរការក្នុងទីផ្សារនៅឆ្នាំ២០២៣ខាងមុខ​។ តាមរយៈកំណើននៃការចុះបញ្ជីរបស់ក្រុមហ៊ុន និងផលិតផលថ្មីនេះ នឹង​ទាក់ទាញ​បានវិនិយោគគិន​កាន់​តែ​ច្រើនឱ្យចូលមកជួញដូរមូលបត្រនៅក្នុងទីផ្សារ កាន់តែទូលាយ​។

គួរបញ្ជាក់ថា បើតាមអគ្គនាយក CSX រូបនេះ ១០ខែដំបូង ក្នុងឆ្នាំ២០២២នេះ ទំហំ​ជួញ​ដូរភាគហ៊ុន​ប្រចាំ​ថ្ងៃមានជាង ៥០ម៉ឺនដុល្លារ ក្នុងនោះ​ការជួញដូរដោយវិនិយោគិនជាជនខ្មែរ មានចំនួនប្រមាណ៧៦% និង​វិនិយោគិន​បរទេសចំនួន២៤%។

​បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជី​ចំនួន ១៦ ក្រុមហ៊ុន ក្នុង​នោះ​មានក្រុម​ហ៊ុនចុះ​បញ្ជី​ផ្នែក​មូល

បត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជី​បំណុលចំនួន ៧ ក្រុមហ៊ុន៕