ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ ដែល​បាន​ចុះ​បញ្ជី​រួច​ មិន​ទាន់​បង់​ពន្ធ​ រួស​រាន់​ ចៀស​វាង​ការ​បង្រ្កាប​ពី​មន្រ្តី​

សង្គម​និង​សេដ្ឋកិច្ច

អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋករ​កម្ពុជា​ បាន​អំពាវ​នាវ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​បាន​ចុះ​បញ្ជី​រួច​ ប្រញាប់​រួស​រាន់​បង់​ពន្ធ​ និងអាករ នៅ​តាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋករ​​រាជធានី​ ខេត្ត​ ដើម្បី​ចៀស​វាង​ពី​ការ​បង្រ្កាប​ដោយ​ចៃដន្យ​ណា​មួយ​ពី​មន្រ្តី​គយ​ និង​រដ្ឋករ​មាន​សមត្ថកិច្ច​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​អគ្គនាយក​ដ្ឋាន​គយ​ កាល​ពី​ថ្ងៃ​ទី​១៣ តុលា​ ២០២២ បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០២២ ដែល​នឹង​មក​ដល់​ឆាប់​ៗខាង​មុខ​នេះ​។

​យ៉ាងណា​ គយ​ថា​ គិត​មក​ដល់​ពេល​នេះ​ មាន​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ជ្រក​ក្រោម​ផ្លាក​លេខ​ផ្សេងៗ​ ភាគ​ច្រើន​លើស​លប់​ បាន​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​រួច​រាល់​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ចូល​មក​បង់​ពន្ធ​ និង​អាករ​ ដែល​ជា​កាតព្វកិច្ច​នៅ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋករ​កម្ពុជា​ បាន​សង្កត់​ធ្ងន់​ថា​ ដើម្បី​ចៀស​ផុត​ពី​ការ​បង្រ្កាប​ដោយ​មន្រ្តី​គយ​ និង​រដ្ឋករ​មាន​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ ការដ្ឋាន​ អាជីវកម្ម​ដ្ឋាន​ និង​តាម​ទី​កន្លែង​សាធារណៈ​ជាយថាហេតុ​ណា​មួយ​ សូម​ម្ចាស់​យានយន្ត​បំពេញ​កាតព្វកិច្ច​តាម​បណ្តា​អង្គភាព​គយ​ និង​រដ្ឋករ​រាជធានី​ ខេត្ត​ ដែល​សមីខ្លួន​បាន​ចុះ​បញ្ជី​ មុន​ថ្ងៃ​ទី​ ៣១ ធ្នូ​ ២០២២ជា​កំហិត​។ ចំពោះ​រថយន្ត​ដែល​មិន​បំពេញ​កាតព្វកិច្ច​ត្រឹម​ថ្ងៃ​កំណត់​ខាង​លើ​នឹង​ត្រូវ​បង្រ្កាប​ដោយ​រឹប​អូស​ ដោះ​ជា​គ្រឿង​បន្លាស់​ឬ​កម្ទេច​ចោល​ តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ ដោយ​ពុំ​មាន​ការ​អនុ​គ្រោះ​ឡើយ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ គិតត្រឹមថ្ងៃឱសានវាទ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ ប្រ​មាណ​ជាង​ ៩ ៨០០គ្រឿង​ បាន​ទៅ​ចុះ​បញ្ជី​ និង​បង់​ពន្ធ​ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋា​ភិបាល អនុញ្ញាត្ត​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ​ទាំង​នោះ​ អាច​បង់​ពន្ធ​បាន​ដោយ​មិន​បាច់​កែ​ចង្កូត​៕