អ្នកជំនួញពូកែវាយឃ្មោះពពាយនាយលក់អចលនទ្រព្យមួយរូបទទួលការតែងតាំងជា ប្រធានសមាគមមិត្តយើង ប្រចាំខេត្តបាត់ដំបង

សង្គម​និង​សេដ្ឋកិច្ច

សហគ្រិនក្នុងវិស័យអចលនទ្រព្យដ៏សកម្មមួយរូប គឺលោក អ៊ិន ដារ៉ា ដែលបច្ចុប្បន្ន ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយក​នៃ​ក្រុមហ៊ុន KW BATTAMBANG ត្រូវបានផ្ដល់សេចក្ដីទុកចិត្ត និងតែងតាំងជាប្រធាន “សមាគមមិត្តយើង” ប្រចាំខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្ដីសម្រេចចេញដោយ ក្រុមប្រឹក្សាភិបាលនៃសមាគមមិត្តយើង ចេញកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដែលទើបតែផ្សព្វផ្សាយជាសាធារណៈនាពេលថ្មីៗនេះ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមមិត្តយើង” គឺជាសមាគមក្រៅរដ្ឋាភិបាល (NGO) ដែលមិនស្វែងរកប្រាក់ចំណេញជាលក្ខណៈឯកជន ដោយឈរលើពាក្យស្លោក មិត្តភាព សាមគ្គីភាព និងភក្ដីភាព។ រយៈពេលជាងមួយឆ្នាំ តាំងពីបង្កើតមក សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានាយ៉ាងសកម្ម តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀតជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ។

បន្ថែមពីនេះ សមគមដែលទើបបង្កើតក្នុងរយៈពេលខ្លី តែល្បីល្បាញខាងគាំពារ និងជួយសង្គមនេះ ក៏បានបន្តតែងតាំងប្រតិភូសមាគម ទាំងនៅក្នុងប្រទេស និងប្រចាំនៅក្រៅប្រទេសជាហូរហែ ដើម្បីបន្តជួយកសាងបណ្ដាញ កៀរគងធនធានមនុស្ស ក្នុងគោលដៅបន្តវឌ្ឍនៈភាពរបស់សមគមឱ្យកាន់តែរឹងមាំ។  

តើលោក អ៊ិន ដារ៉ា ជានរណា?

ជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យដ៏សកម្ម និងតែងតែបង្ហាញខ្លួន ជាមួយរបៀបធ្វើទីផ្សារប្លែកខុសពីអ្នកគួកជេរ អចលនទ្រព្យដទៃក្នុងប្រទេសកម្ពុជា គេតែងតែឃើញ លោក អ៊ិន ដារ៉ា វាយឃ្មោះពពាយនាយលក់អចលនវត្ថុជូនអតិថិជនសឹងរាល់ថ្ងៃ ដូចជា៖ គម្រោងដីឡូតិ៍ ផ្ទះល្វែងបុរី ដីឃ្លាំង ដីចម្ការ ដីភូមិ ។ល។ ដែលមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ។

អតីតយុវជន ធ្លាប់មានប្រវត្តិដើរដាក់ឆ័ត្រ តាមផ្សារ និងហៅភ្ញៀវជិះតាក់ស៊ី នៅក្រុងបាត់ដំបង ដើម្បីយកប្រាក់កម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សា កាលពីនៅវ័យជំទង់រូបនេះ បានបោះជំហ៊ានចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ និងវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ដោយបានបង្កើតក្រុមហ៊ុនអចលនទ្រព្យផ្ទាល់ខ្លួន និងទិញសិទ្ធិតំណាងក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យ KW ប្រចាំខេត្តបាត់ដំបង ហើយបន្តបេសសកម្ម លើការផ្ដល់សេវាកម្មក្នុងវិស័យមួយនេះយ៉ាងផុសផុល ជាមួយក្រុមការងារ។

លោក អ៊ិន ដារ៉ា រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកក្រុមការងារ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា មេអណ្ដើកពូកែខាងភ្ជាប់សាច់ឈាមឱ្យអ្នកលក់អចលនទ្រព្យម្ចាស់ដើម ឆាប់ស្គាល់មុខអ្នកទិញពិតប្រាកដ នឹងឈានទៅបិទការលក់ជាហូរហែ។

ជាមួយតួនាទីជាប្រធាន “សមាគមមិត្តយើង” ប្រចាំខេត្តបាត់ដំបងថ្មីនេះ លោក អ៊ិន ដារ៉ា នឹងត្រូវបន្ថែមបេសសកម្មថ្មីបន្ថែមទៀត ជាមួយសមាគមមិត្តយើង ក្នុងការរួមចំណែក សកម្មភាពជួយសង្គម និងសប្បុសធម៌នានា នៅមូលដ្ឋានខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់លោកផ្ទាល់៕