ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាន ៦៥៩លានដុល្លារ រយៈពេល១០ខែឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើងប្រមាណ៦%។ នេះបើតាមការគូសបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយលោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាដែលចប់អណត្តិ ដើម្បីសម្ដែងការគួសម និងជម្រាបលា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបាន ៦៥៩លានដុនល្លារ អាម៉េរិក គឺកើនឡើងដល់៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះដែរ លោកថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាម៉េរិក។

សម្រាប់ការនាំចេញចម្បងរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងរួមមាន ស្បែកជើង និងសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្មទៅកាន់កូរ៉េខាងត្បូង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានបញ្ជាក់ថា ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ក្រៅពី​ជំរុញការនាំចេញទំនិញរបស់កម្ពុជាបន្ថែម ពីលើកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងនេះ ក៏នឹងជួយលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ ​ដែលទៅថ្ងៃខាងមុខនឹងផ្តល់នូវភាពងាយស្រួលដល់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត​ ខណៈកម្ពុជា កំពុងអភិវឌ្ឍន៍ខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រ នៅលើសាកលលោក។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ត្រូវបានជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ​ដែលរំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ​និងចូលរួមស្ដារ​សេដ្ឋកិច្ចឡើងវិញ ​បន្ទាប់ពីរងគ្រោះដោយតែវិបត្តិកូវីដ-១៩​ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២ របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ ខណៈកម្ពុជាក៏មានកិច្ចព្រមព្រៀង ​RCEP​ ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់​៕