គម្រោងផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់ហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និង​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស នៅ​ក្នុង​រាជធានីភ្នំពេញ ​​​​បាន​សិក្សា​​ចប់​សព្វ​គ្រប់​ហើយ ​​និង​កំពុង​ត្រៀម​​ដាក់​ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​​ធ្វើការ​ពិនិត្យ​សម្រេច​ជ្រើសរើស ក្នុង​ពេល​ឆាប់ៗ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ​​បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វ​គ្រប់​ហើយ ប៉ុន្តែ​ក្រុមការងារ​កំពុង​សិក្សា​​កែ​សម្រួល​បន្តិច​បន្តួច​ទៀត ក្នុង​គោលបំណង​ឱ្យ​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​មាន​សារៈ​សំខាន់​​ទាំង​នេះ ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ និង​ស្រប​តាម​ស្ថានភាព​ភូមិសាស្ត្រ។

“ផ្លូវភ្លើងក្រោមដី នៅរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ ឥឡូវយើងឱ្យអ្នកសិក្សាកែសម្រួល​បន្តិចសិន អ៊ីចឹងយើងប្រៀបធៀបលើប្រព័ន្ធរថភ្លើងលើដី ផ្លូវរថភ្លើងលើអាកាស និងក្រោមដី គឺបានសិក្សាចប់ ទាំង៣ហើយ និងធ្វើរបាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជ្រើសរើស តើប្រព័ន្ធមួយណាល្អជាងចំពោះរាជធានីភ្នំពេញយើង”។ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ។

គួរ​បញ្ជាក់​ថា ​​​ប្រសិន​បើ​គម្រោង​ទាំង​នេះ​​លេច​រូបរាង​ឡើង​​​ក្រោម​ការ​ចូល​រួម​វិនិយោគ​ពី​ក្រុមហ៊ុន​វិស័យ​ឯកជន ឬ​​​ដៃ​គូ​អភិវឌ្ឍន៍​អន្តរជាតិ​នោះ ​​នឹង​ជួយ​លើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញ បានមួយកម្រិត​ថែម​ទៀត ព្រមទាំងឆ្លើយតបទៅ​នឹង​ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាពិសេសគឺ​អាច​​ដោះស្រាយបញ្ហានៃការ​កកស្ទះចរាចរណ៍ និងគ្រោះថ្នាក់​ចរាចរណ៍ ដែលកំពុងកើតមាន​​​​​ជា​ប្រចាំ​ នាពេលបច្ចុប្បន្ន​ផងដែរ៕