លោក មុំ វ៉ារិន៖ សិស្សប្រឡងបាក់ឌុបជាប់ច្រើនជាផលល្អសម្រាប់ប្រទេសជាតិ

សង្គម​និង​សេដ្ឋកិច្ច

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង១២ម៉ឺននាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់មានជាង៩ម៉ឺននាក់។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សិស្សប្រឡងបាក់ឌុប ២០២២

ចំពោះលទ្ធផលសិស្សប្រឡងប្រមាណជា ៧២,៣៣ភាគរយនេះ លោក មុំ វ៉ារិន អគ្គនាយកសាលាអន្តរជាតិ Asia-Pacific Fredfort International School (AFIS)  បានបញ្ជាក់ថា ជាផលល្អសម្រាប់ប្រទេសជាតិ  ផ្ទុយទៅវិញប្រសិនបើធ្លាក់ច្រើនពេក គឺជាបញ្ហារបស់សង្គម ។

លោក បានបន្តថា  បើចង់ឱ្យប្រទេសជាតិមួយមានធនធានមនុស្ស មិនគួររឹតបន្តឹងនៅតែថ្នាក់ទី១២ នោះទេ អ្វីដែលគួរពិនិត្យនោះគឺ ការពង្រឹងគុណភាពអប់រំក្នុងកម្រិតបឋម អនុវិទ្យាល័យ ដែលជាឫសគល់សំខាន់សម្រាប់គុណភាពនៃធនធានមនុស្ស។ នៅពេលដែលក្មេងមានប្រព័ន្ធអប់រំ រឹតបន្តឹងពីកម្រិតក្រោមមក ទោះជាប់ឬមិនជាប់បាក់ឌុប ក៏គាត់មានសមត្ថភាពធ្វើការដោយពេញលេញដែរ។

លោក មុំ វ៉ារិន

លោក បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យគ្រាន់តែជាកន្លែងមួយសម្រាប់ពង្រឹងទៅលើការងារ ជំនាញលើមុខវិជ្ជាអ្វីមួយ ប៉ុន្តែគ្រឹះនៃចំណេះដឹង ទេពកោសល្យមនុស្សម្នាក់ៗគឹពឹងលើពីកម្រិតក្រោម មិនមែនពឹងលើមហាវិទ្យាល័យឬសាកលវិទ្យាល័យនោះទេ ។ ការបណ្តុះបណ្តាលតែមហាវិទ្យាល័យ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិតច្រើនពេក នៅពេលចប់បរិញ្ញា អនុបណ្ឌិតឬបណ្ឌិត គឺមានតែសញ្ញាបត្រ ប៉ុន្តែគុណភាពមិនមានជាជំនាញ នេះជាវិបត្តិធនធានមនុស្ស។ 

ទន្ទឹមនឹងនេះដែរ លោក ជំរុញឱ្យមានការពង្រឹងគុណភាពពីកម្រិតបឋម មធ្យម ឱ្យខ្លាំង ព្រមទាំងពង្រឹងគុណភាពតាមសាកលវិទ្យាល័យឱ្យបានរឹងមាំ ផ្តោតលើការស្រាវជ្រាវ ចំណេះដឹងពិត ធ្វើយ៉ាងណាឱ្យសញ្ញាបត្រ និងគុណភាពមានតុល្យភាព ៕