រដ្ឋមន្ត្រីកសិកម្ម៖ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម កើនឡើងប្រមាណជាង១៣ភាគរយក្នុងឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច


ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មមានកើនឡើង១៣,៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ចំនួនសត្វចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម មានចំនួនសរុប ២៦,៥៦លានក្បាល ក្នុងនោះ គោ-ក្របីកើន ៧,៣ភាគរយ ជ្រូកកើន ២៥ភាគរយ បក្សីកើន ១២៦ភាគរយ ចៀមកើន ៥,៦ភាគរយ និងសត្វផ្សេងៗកើន ៣១,៩ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ទស្សនទានក្នុងវិស័យកសិកម្មកម្ពុជា” ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៥ ខែមករា ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាបានផ្តើមចេញពីការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជាម្ហូបអាហារក្នុងគ្រួសារ មកជាការចិញ្ចឹមសត្វដើម្បី លក់យកប្រាក់ចំណេញ។ បច្ចុប្បន្ន មានកសិដ្ឋានចិញ្ចឹមសត្វកាន់តែច្រើន និងមានទំហំកាន់តែធំ ហើយលែងប្រើចំណីសត្វដែលផលិតខ្លួនឯង មកជាការផលិតចំណីសត្វជាលក្ខណៈឧស្សាហកម្ម និងការទិញចំណីសត្វស្រាប់មកប្រើប្រាស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្រសួងកសិកម្មដើរតួនាទីសំខាន់ក្នុងសង្វាក់ផលិតកម្មទីផ្សារ ហើយលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមផ្សព្វផ្សាយ បើកទីផ្សារសេរីសម្រាប់ប្រជាកសិករកម្ពុជាផងដែរ។

យោងតាមលទ្ធផលអង្កេតកសិកម្មឆ្នាំ២០២០-២០២១ គ្រួសារចិញ្ចឹមសត្វសរុបមានចំនួនជាង១លាន៦សែនគ្រួសារ ស្មើនឹង៨២ភាគរយនៃគ្រួសារកសិកម្មសរុបនៅកម្ពុជា ចំនួន ជាង២លានគ្រួសារ ។ គ្រួសារនីមួយៗអាចចិញ្ចឹមសត្វច្រើនប្រភេទ ដូចជា គោ ក្របី ជ្រូក មាន់ជាដើម៕